ឯកឧត្តម ហ៊ុន ម៉ានី គ្រាន់តែចុះពីលើយន្តហោះដល់ប្រទេសចិនភ្លាម បានរួសរាន់មកជួបជាមួយនិស្សិតកម្ពុជាភ្លាម


(ប៉េកាំង)៖ ដោយមិនបង្អង់យូរ ពេលមកដល់រដ្ឋធានីប៉េកាំងភ្លាម ឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូកម្ពុជាបានរួសរាន់មកជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន១៦៨ នាក់ដែលតំណាងឲ្យនិស្សិតខ្មែរទូទាំងប្រទេស ដែលកំពុងសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោម «ស្មារតីខ្មែរនឹករលឹកខ្មែរ»។

នាឱកាសនៃការជួបជុំក្នុងបរិយាកាស សប្បាយរីករាយ និងស្និតស្នាលជាមួយក្រុមគ្រួសារខ្មែរ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញើរដល់ប្អូនៗធ្វើយ៉ាងណាយកចិត្ត​ទុក​ដាក់ ចាប់ឱកាសនៃការស្វែងរកចំណេះដឹង និងបង្កើនសកម្មភាព​ដែលចេញពីការអប់រំនេះ ដើម្បីត្រឡប់ទៅចូលរួម​ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន​ថែមទៀត​ តាមវិស័យអាទិភាព​ដែលកំពុងរីកដុះដាល ដូចដែលប្អូនៗកំពុងរៀនស្រាប់។

ក្នុងជំនួបនៃក្រុមគ្រួសារខ្មែរនៅក្រៅប្រទេសនេះផងដែរ ឥស្សរជនកម្ពុជាវ័យក្មេងដែលត្រូវបាននិស្សិត នៅទីនេះហៅ​យ៉ាង​សាមញ្ញជិតស្និតបំផុតថា “«បងប្រធាន» ក៏បានបន្ថែម​ជាអនុសាសន៍ដល់និស្សិតទាំងអស់ថា៖ «ទោះបីជាយើងនៅទីណាក៏ដោយ​ ក៏យើងត្រូវមានភាពជាខ្មែរ។ ចិត្តយើង បេះដូងយើងគឺដើម្បីព្រះរាជាណាចក្រកម្ពុជាដែលជាផ្ទះដ៏កក់ក្តៅ និងមានសេចក្តីសុខបំផុតរបស់យើង។ យើងបន្តជឿជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ»

ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសចិន កញ្ញា ជា ស្រីលី បានថ្លែងថា និស្សិត​កម្ពុជាដែលកំពុងសិក្សានៅ​ប្រទេសចិន ​មានចំនួន​១៦៤០​នាក់ ក្នុងនោះមាននារីចំនួន ៤៩៥នាក់។ ក្រៅពីការសិក្សា និស្សិត​កម្ពុជាបានចូលរួមសកម្មភាពលើកកម្ពស់សិល្បៈ កីឡា និងកម្មវិធីផ្សព្វផ្សាយពីសមិទ្ធផល និងផលិតផល ដែលជាសក្តានុពល និងពង្រីកកិត្យានុភាពកម្ពុជាបន្ថែមទៀតផងដែរ។

សូមជម្រាបផងដែរថា ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៩៨នាក់ បានមកបំពេញទស្សនកិច្ចមិត្តភាព នៅទីក្រុងប៉េកាំង រយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញរបស់សហព័ន្ធយុវជនទូទាំងប្រទេសចិន ក្នុងឱកាអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន៕