ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញបិទសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងសុខដុមណីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជាលើកទី ៧


រសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿលើសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅព្រះជាណាចក្រកម្ពុជាលើកទី ៧ ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ” ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរ: ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំសាសនា និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិកនៃសាសនាផ្សេងៗសរុបប្រមាណចំនួន ៨៨០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ។

ឆ្លៀតឱកាសដ៏ប្រសើរថ្លៃថ្លានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងសាធាណការនិងដឹកជញ្ជូន ក្រុមការងារនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃក្រសួងធម្មការនិងសាសនា ជាពិសេសនាយកដ្ឋានពាហិរសាសនា នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ដែលបានខិតខំប្រឹងប្រែងរៀបចំអង្គសិក្ខាសាលាប្រកបដោយអត្ថន័យ និងអត្ថប្រយោជន៍នេះឡើងប្រកបដោយជោគជ័យគួរជាទីមោទនៈនាពេលនេះ និងសូមសំដែងនូវការកោតសរសើរដល់គ្រប់បណ្ដាថ្នាក់ដឹកនាំសាសនា និងបរិស័ទនៃសាសនាទាំងអស់នៅកម្ពុជា ដែលបានបូជាកម្លាំងកាយ កំលាំងចិត្ត ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របទៅតាមសីលធម៌ និងគោលលទ្ធិ មាគាដឹកនាំសាសនានីមួយៗ ដោយមានការឯកភាពគ្នា យោកយល់គ្នា អាជាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមក ដែលជាឫសគល់នៃវប្បធម៌សន្តិភាព ពង្រឹងនិងពង្រីកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនាក្នុងសង្គមខ្មែរទាំងមូល។

តាមរយៈអង្គសិក្ខាសាលានេះ បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅជាមួយគ្នាដោយសន្តិភាពក្នុងសហគមន៍ ចេះយោគយល់អធ្យាស្រ័យ និងជួយគ្នាទៅវិញទៅមកធ្វើឲ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលជាគោលបំណងប្រាថ្នាធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងបរិសុទ្ធគ្រប់សាសនាទាំងអស់ ដើម្បីរួមគ្នាចូលរួមពង្រឹង និងពង្រីកវិស័យសាសនានៅក្នុងសង្គមកម្ពុជាមានសុខដុមនីយកម្ម និងការអភិវឌ្ឍរីកចំរើនជាលំដាប់ដូចខាងក្រោម÷
១-សូមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់បន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត ជាពិសេសរក្សាបាននូវសុខដុមនីយកម្មនៅគ្រប់សាសនាទាំងអស់ដែលប្រតិបត្តិគោលលទ្ធិសាសនានៅព្រះជាណាចក្រកម្ពុជា។
២-សូមថ្នាក់ដឹកនាំនិងបរិស័ទគ្រប់សាសនាទាំងអស់ ចូលរួមផ្សព្វផ្សាយដល់សាសនិករបស់ខ្លួនអំពីគុណវិបត្តិនៃគ្រឿងញៀន នឹងបញ្ហាការគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតរបស់រដ្ឋតាមរយៈការទេសនាអប់រំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងវិធីសាស្រ្តផ្សេងៗទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបានប្រកបដោយប្រសិទ្ធភាព។
៣-ជំរុញឱ្យថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាធ្វើយ៉ាងណាជួយគ្នាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ ក៏ដូចជាការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានក្នុងកម្រិតខ្ពស់បំផុត។
៤-ជំរុញឱ្យថ្នាក់ដឹកនាំនិងបរិស័ទគ្រប់សាសនាទាំងអស់រួមសហការគ្នា សាមគ្គីគ្នា និងត្រូវមានឯកភាពផ្ទៃក្នុងក្នុងសហគមន៍តែមួយ។
៥-ជំរុញឲ្យអង្គការ សមាគម មានចរិតសាសនាទាំងអស់នៅកម្ពុជា សូមបន្តប្រពៃណី វប្បធម៌សន្តិភាព ឲ្យចេះស្រឡាញ់យោគយល់អធ្យាស្រ័យគ្នា និងរួមរស់នៅជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមកប្រកបដោយក្តីមេត្តា ករុណា សណ្ដោសប្រណីរវាងសហគមន៍សាសនាផ្សេងៗគ្នា ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបដោយសុជីវធម៌ សីលធម៌ ចរិយាធម៌ និងគុណធម៌ដែលជាមូលដ្ឋានគ្រឺះ នៃគោលការណ៍លិទ្ធិជំនឿសាសនា និងវិស័យសាសនានីមួយៗ។
៦-ជំរុញ និងគាំទ្រឲ្យមានការរៀបចំការជួបជុំបែបនេះឲ្យបានទៀងទាត់ ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ការចេះយោគយល់ និងអធ្យាស្រ័យគ្នារវាងសហគមន៍សាសនាផ្សេងៗគ្នា។