គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយរបាយការណ៍ លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរបស់រដ្ឋបាលខេត្ត ឆ្នាំ២០១៨


ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៨ ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រះរាជអាជ្ញា កងកម្លាំង ប្រដាប់អាវុធ អភិបាលក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមជាច្រើននាក់ផងដែរ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នស្ថានភាពប្រើប្រាស់គ្រឿងញៀន មានការរីករាលដាលគួរឲ្យកត់សំគាល់ ក្នុងនោះមុខសញ្ញាប្រព្រឹត្តបទល្មើស ចែកចាយ និងប្រើប្រាស់គ្រឿងញៀន មានភាគរយខ្ពស់ ដែលធ្វើឱ្យចរឹកនៃបទល្មើសកាន់តែមានភាពស្មុគ្រស្មាញ ដូច្នេះអាជ្ញាធរ និងជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ រួមទាំងវិស័យឯកជនត្រូវបន្តផ្សព្វ ផ្សាយពីផលបះពាល់ពីការប្រើប្រាស់គ្រឿងញៀនឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើបច្ចុប្បន្ន ភាពជនប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ហើយ យន្តការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ហើយត្រូវបង្កើតគណៈកម្មាធិការតាមគោលដៅនៅមូលដ្ឋានគ្រប់ទី កន្លែង សម្រាប់ទទួលខុសត្រូវការងារជំនាញគ្រឿងញៀននេះ។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោលដៅ ដូចជា នៅតាម សណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជា ពលរដ្ឋដោយឲ្យពួកគាត់ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ទទួលបានប្រសិទ្ធភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ចបង្ក្រាប បានករណីគ្រឿងញៀន ចំនួន ៤៤លើក និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩៥នាក់ ស្រី ០៤នាក់ ក្នុងនោះ ការជួញដូរគ្រឿងញៀនចំនួន ២៨នាក់ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ចំនួន ៦៧នាក់ រួមទាំងវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លា ចំនួន ៦៨កញ្ចប់តូច ទម្ងន់ ៦២,៧១ក្រាម និងថ្នាំយ៉ាម៉ា ចំនួន ៤៨គ្រាប់ ទម្ងន់ ០,៤៩ក្រាម។