(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គ ដែលមានសក្ដានុពល និងកាលានុវត្ដភាពជាច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយភាពអំណោយផល នៃស្ថិរភាពនយោបាយ និងមានសន្ដិសុខពេញលេញនៅក្នុងប្រទេស។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធសាលាមធ្យមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ផ្លូវសូត្រកម្ពុជា វ៉េនចូវ យ៉ាឡុង នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គ ដែលមានសក្ដានុពល និងកាលានុវត្ដភាពជាច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយភាពអំណោយផល នៃស្ថិរភាពនយោបាយ សន្ដិសុខពេញលេញនៅក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតលើគន្លង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន»។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាឱកាសមាសសម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្ដាប្រទេស នៅក្នុងតំបន់ ពិសេសកម្លាំងពលកម្ម ផ្នែកជំនាញបច្ចេកទេស មានភាពសម្បូរបែប និងវ័យក្មេងនាពេលអនាគតខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានឲ្យដឹងថា ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កំពុងស្ថិតនៅលើបន្ទាត់នៃគោលនយោបាយ អភិវឌ្ឍឧស្សាហកម្ម ដែលទាមទាឲ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងទីផ្សារឧស្សាហកម្ម ដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញ និងបង្កើនសេដ្ឋកិច្ចជាតិ តាមរយៈផ្ដល់ជំនាញជាក់លាក់ទៅដល់យុវជន ដែលជាកម្លាំងស្នូល។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានបន្ថែមថា ក្រសួងការងារសង្ឃឹមថា តាមរយៈការបង្កើតសាលាមធ្យម សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ផ្លូវសូត្រកម្ពុជា វ៉េនចូវ យ៉ាឡុងនេះ គឺជាផ្នែកមួយដ៏សំខាន់ និងទាន់ពេលវេលា ដើម្បីចូលរួមចំណែក ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បើតាមលោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស បានឲ្យដឹងថា សាលាមធ្យមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ផ្លូវសូត្រកម្ពុជា វ៉េនចូវ យ៉ាឡុងនេះ ត្រូវបានបំពាក់ដោយសម្ភារ បិរក្ខារ ទំនើបៗ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ សម្រាប់បណ្ដុះបណ្ដាលលើជំនាញអគ្គិសនី និងអេឡិចត្រូនិច ដែលជាអំណោយផ្ទាល់ពីក្រុមហ៊ុន Yalong Intelligent Equipment Group Co.,LTD នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបណ្ឌិត យ៉ោក សុទ្ធី បានបញ្ជាក់ថា សាលានេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ទេរនូវបច្ចេកវិទ្យាទំនើបឈានមុខគេ ដល់យុវជនកម្ពុជា ដែលនឹងចូលរួមបង្កើត នូវផលិតភាពការងារ និងសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាផងដែរ៕