ព្រឹកថ្ងៃអង្គារ ០៤កើត ខែមិគសិរ សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង(២០១៩-២០២១)។
សមាសភាពចូលរួមក្នុងសិក្ខាសាលារួមមាន៖ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ទីរផែនការ ក្រុមការងារកសាងផែនការក្រុង មន្ទីរជំនាញ អង្គភាព និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ចៅសង្កាត់ ស្មៀនសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ តំណាងសមាគមក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ តំណាងអង្គការសង្គមស៊ីវិល ក្រុមយុវជន វិស័យឯកជនក្នុងក្រុង និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ការធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅពេលនេះ គឺក្នុងគោលបំណងបង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ក្រុង និងសង្កាត់ ដែលពុំមានមូលនិធិអនុវត្ត និងសម្របសម្រួលបន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគក្រុងនិងសង្កាត់ គម្រោងសកម្មភាពវិនិយោគសង្កាត់និងសង្កាត់ គម្រោងសកម្មភាពវិនិយោគក្រុង សង្កាត់ និងមន្ទីរវិស័យ បណ្ដាដៃគូអភិវឌ្ឍន៍ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា។ តាមរយៈការអភិវឌ្ឍនាពេលកន្លងមក គឺមានការរីកចម្រើន គួរឲ្យកត់សម្គាល់នៅមូលដ្ឋាន ។ ប្រការដែលគួរឱ្យ យកចិត្តទុកដាក់បន្ដទៀតនោះ គឺការកៀរគររកប្រភពធនធានទាំងនៅក្នុងក្រុង និងក្រៅក្រុង សម្រាប់វិនិយោគលើវិស័យអាទិភាពរបស់សង្កាត់ ក្រុង ដែលបានលើកឡើងសំដៅបង្កើនសក្ដានុពលលើគ្រប់សកម្មភាពរបស់មូលដ្ឋាន ដែលជាកត្ដាយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ សេវាអប់រំ សេវាសុខាភិបាល ទឹកស្អាត អនាម័យ ឥណទាន និងមុខជំនាញផ្សេងៗ។ ល។