នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ពន្យល់ពីសារសំខាន់ នៃការមកទស្សនាវិមានឈ្នះឈ្នះ!


កំពុងតែមានសំណួរជាច្រើនសួរថា តើអ្វីទៅវិមានឈ្នះឈ្នះ? តើវិមានឈ្នះឈ្នះធ្វើដើម្បីអ្វី? ខ្ញុំសូមជម្រាបជូនថា ដើម្បីយល់ពីវិមានឈ្នះឈ្នះ អ្នកគប្បីយល់ និងសិក្សាខ្លះអំពីនយោបាយ ឈ្នះឈ្នះ តើជាអ្វីហើយដំណើរការអនុវត្តនយោបាយឈ្នះឈ្នះ ធ្វើយ៉ាងណាខ្លះ? នេះការលើកឡើងជាសំណួរ និងការថ្លែងរបស់នាយឧត្តមសេនីយ៍ ណឹម​ សុវត្ថិ ប្រធានក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ ដែលបានបង្ហោះតាម Facebook នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ដើម្បីចង់ដឹងពីសារសំខាន់ នៃការមកទស្សនាវិមានឈ្នះឈ្នះ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលកំពុងដឹកនាំក្រុមការងារសាងសង់វិមានឈ្នះឈ្នះ គ្មានពេលសម្រាកនោះ បានពន្យល់យ៉ាងដូច្នេះថា៖

*ត្រូវយល់អំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តជាតិយើងមួយចំនួន ត្រូវយល់អំពីសិល្បៈ និងស្ថាបត្យកម្មខ្លះដែលមានចំលាក់ជានិមិត្តសញ្ញា តាមបុរាណវិទ្យាប្រាសាទនានា និងទីស្ថានសក្ការៈ ឬក៏បូជនីយដ្ឋានដែលមានរបស់យើង និងត្រូវយល់ផងដែរអំពី ជំនឿសាសនា និងវិទ្យាសាស្រ្តជាមួយគ្នា។ ពីព្រោះអ្វី? ពីព្រោះនៅក្នុងវិមានឈ្នះ ឈ្នះ គឺមានអ្វីទាំងអស់នោះ។ មានទាំងអត្ថន័យ នៃនយោបាយឈ្នះ ឈ្នះ ដែលបានប្រែក្លាយមកជាចំលាក់ ជានិមិត្តសញ្ញា មានទាំងវប្បធម៌ រួមទាំងប្រវត្តិនៃប្រាសាទនានា មានទាំងនិមិត្តសញ្ញានៃជំនឿសាសនា និងមានទាំងបុព្វតាគ្រប់ប្រភេទ រុក្ខជាតិ និងប្រភេទសម្ភារៈសឹក យុទ្ឋោបករណ៍នានាផងដែរ។ ដូច្នេះប្រសិនបើមានពុទ្ធិ និងចំណេះដឹងខ្លះទៅលើ ផ្នែកអស់នោះគឺពិតជាងាយយល់ ចាប់បាន។

*តែន័យធំជាងនោះត្រង់ថា ប្រសិនបើបានចូលមកទស្សនា ឬរៀនសូត្រសិក្សាស្វែងយល់អំពីវិមានឈ្នះ ឈ្នះ នេះ ខ្ញុំជឿជាក់ថា អ្នកទាំងឡាយ នឹងបានប្រែប្រួលនៅក្នុងអារម្មណ៍ក្នុងចិត្ត។ អ្នកដែលមានភាពស្មុកស្មាញ និងបានធូរស្រាលមកមានលក្ខណៈសាមញ្ញ បើអ្នកដែលមានការលំបាក លំបិនគឺអាចប្រែក្លាយមកជាមានភាពសុខស្រួល និងសប្បាយ។ បើអ្នកដែលមានជំលោះ អ្នកដែលមានទំនាស់ក៏អាចប្រែក្លាយមកមានសន្តិភាព និងការសម្របសម្រួលខាងផ្លូវចិត្ត។ នេះជាការចាប់ផ្តើមមួយដ៏សំខាន់ ហើយប្រសិនបើបានសិក្សាស្វែងយល់ថែមទៀតនូវអត្ថន័យ និងខ្លឹមសារទាំងអស់នោះ គឺអ្នកអាចនឹងប្រកាន់ យកនូវឥរិយាបទមួយថ្មីស្តីអំពី ការសម្រួលនៅក្នុងការស្វែងរកសុខដុមនីយកម្ម ភាពក្សេមក្សាន និងសន្តិភាពនៅ ក្នុងផ្លូវចិត្តដែលជាមូលដ្ឋានសំខាន់ នៅក្នុងជីវិតរស់នៅដ៏ស្ងប់ស្ងាត់ ហើយលៈបង់បាននូវមហិច្ឆិតាអវិជ្ជមាន និងភាពហិង្សាធំៗទាំងឡាយដែលអាចមាន។ រីឯអ្នកដែលមានភាពមួរហ្មងនៅក្នុងចិត្ត ពេលខាងមុខអាច និងមក ទស្សនាគឺនឹងបានធូរស្រាល សប្បាយរីករាយក្នុងអារម្មណ៍តាមរយៈធម្មជាតិនៅទីនេះដែលមានខ្យល់អាកាស អាងទឹក ចំលាក់នានា និងបរិយាកាសផងដែរ។

*អ្វីដែលខ្ញុំបារម្មណ៍នៅពេលខាងមុខគឺ ភាពកកកុញ និងបរិស្ថាន ដែលនឹងណែនណាន់តាន់តាប់ ទៅដោយការមកចូលទស្សនា និងស្វះស្វែងរកសេចក្តីសុខនៅទីនេះ។ ដូច្នេះទើបក្នុងនាម ក្រុមការងារក៏បានប្រុងប្រៀបនូវកិច្ចការមួយចំនួន ទុកជាមុនសម្រាប់សម្របសម្រួល និងគ្រប់គ្រងការងារនោះ ហើយអ្នកដែលមកទៀតទាំងឡាយ និងក្លាយទៅជាគ្រួសារដ៏ធំដែលមានតែក្តីសប្បាយរីករាយ ការរាក់ទាក់ ភាពញញឹមស្រស់ស្រាយ និងក្លាយទៅជាសង្គមដ៏ធំមួយដែលប្រកបដោយសុខដុមនីយភាព និងភាពក្សេមក្សាន្ត ទាំងអស់គ្នាដែលនឹងកសាងឲ្យកាន់តែរីកចម្រើនឡើង នូវសង្គមជាតិយើងក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះនិងតទៅ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរ នៃនយោបាយឈ្នះឈ្នះ កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕