បញ្ចុះបឋមសិលាសាងសង់រង្វង់មូលស្រអែមថ្មី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទេសរដ្ឋមន្រ្តី មាស សុភា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សមិទ្ធិផលនានាកើតឡើងយ៉ាងព្រោងព្រាត


(ព្រះវិហារ)៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្មកងយោធពលខេមរភូមិន្ទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញចូលរួមបញ្ចុះបឋមសិលា សាងសង់រង្វង់មូលថ្មី នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងថា ស្ថិតក្រោមដំបូលសន្តិភាព ដែលកើតមានឡើងពេញទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សមិទ្ធិផលនានា បានកើតឡើងយ៉ាងព្រោងព្រាត ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋរួមមាន៖ ផ្លូវគមនាគមន៍, ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលជាច្រើនទៀត។ ដោយឡែក សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមួយនៅតាមបណ្តោយព្រំដែន មានព្រំប្រទល់ជាប់នឹងប្រទេសថៃ និងប្រទេសឡាវ ក៏មានការអភិវឌ្ឍរីកចម្រើនដូចខេត្តក្រុងនានាផងដែរ។

ឯកឧត្តម សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលជាអ្នកសាងសង់រង្វង់មូលស្រអែម បានថ្លែងថា នៅថ្ងៃនេះ ដែលថ្នាក់ដឹកនាំធ្វើពិធីបញ្ចុះបឋមសិលា នៅពេលកសាងរង្វង់មូលថ្មី នៅឃុំស្រអែមនេះ គឺសមិទ្ធិផលថ្មីមួយទៀត នឹងបានកើតឡើងក្នុងពេលឆាប់ៗនេះ កសាងឡើងតាមរចនាបទកូបារៈទី៥ ប្រាសាទព្រះវិហារ។

ជាមួយគ្នានោះ ឯកឧត្តម សំ លាងទ្រី ក៏បានថ្លែងងំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា, ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ, ឯកឧត្តម អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជនផ្សេងៗទៀត ដែលបានឧបត្ថម្ភ ក្នុងកាកសាងរង្វង់មូល នៅឃុំស្រអែមនេះ៕