ពិធីដាំដើមឈើអនុស្សាវរីយ៍នៅសួនទេសចរណ៍បឹងកាយ៉ាក់ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ សិស្សានុសិស្ស និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ការរៀបចំពិធីដាំដើមឈើនេះគឺដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ (ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង) និងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសព្រៃកោងកាង អោយស្ថិតនៅគង់វង្ស សំដៅផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ចនៅតំបន់ឆ្នេរ ខេត្តកោះកុង។