ក្រុងម៉ាក្កះ: ក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក មហាំម៉ាត់ អាលី រ៉ស៊ីទ ប្រធានក្រុមប្រឹក្សាពិភពលោកសម្រាប់សហគមន៍មុស្លិមភាគតិច ដែលមានមូលដ្ឋាននៅ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
លោកប្រធានក្រុមប្រឹក្សាបានសម្តែងការសប្បាយរីករាយដល់សហគមន៍មុស្លិម នៅកម្ពុជា ដែលបានកំពុងរួមរស់ ក្រោមម្លប់សន្តិភាព និង គោលនយោបាយសុខដុមបនីយកម្ម ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ដោយមើលឃើញពីភាពជាគំរូរបស់កម្ពុជាសម្រាប់ពិភពលោក ប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា ក្រុមប្រឹក្សានេះ មានគម្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសុខដុមបនីយកម្មអន្តរសាសនា នៅកម្ពុជា។
បន្ទាប់ពីបានពិភាក្សាលើការគ្រោងរៀបចំសន្និសីទអន្តរជាតិខាងលើរួច ភាគីទាំងពីរបានបន្តកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងនោះក៏មានវិស័យអប់រំ និងកិច្ចការឥស្លាមផងដែរ៕