ឯកឧត្តម ពេជ្រ វាសនា បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល


រសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានបន្តដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ដែលមានសមាសភាពចូលរួមពីតំណាង JICA, តំណាងស្ថានទូតជប៉ុន, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ ICB និង NCB, មន្ត្រី PMU និងមន្ត្រី​ PIUs​ ខេត្តគោលដៅនៃគម្រោង​ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល, វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ មកទល់ពេលបច្ចុប្បន្ន ដំណើរការអនុវត្តគម្រោងជារួម សម្រេចលទ្ធផលបានប្រមាណ ៦០ % នៃទំហំការងារសរុប ។

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល រួមមាន ៖
១. ការងារជួសជុលសំណង់ក្បាលហុងទឹក ( Headwork ) ០១កន្លែង
២. ការងារជួសជុលប្រឡាយថ្នាក់ទី២ចំនួន ០៤ខ្សែស្មើនឹងប្រវែង ១៩.៧០ គម
៣. ការងារជួសជុល និងសាងសង់ប្រឡាយដោះទឹក ចំនួន ០៦ ខ្សែ ស្មើនឹងប្រវែង ២២,២០ គម
៤. ការងារជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៦១ ខ្សែ ស្មើនឹងប្រវែង ៤៨,៧០ គម
៥.​​ សាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ៣៩០ កន្លែង
៦. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ០១ កន្លែង

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្ត្រ វត្តហ្លួង រួមមាន ៖
១. ការងារជួសជុលសំណង់នាំទឹក ( Intake ) ០១ កន្លែង
២. ការងារជួសជុលប្រឡាយមេចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ២០,៤០ គម
៣. ការងារជួសជុលប្រឡាយថ្នាក់ទី ២ ចំនួន ០៨ ខ្សែ ស្មើនឹងប្រវែង ២៥,២០ គម
៤. ការងារជួសជុល និងសាងសង់ប្រឡាយដោះទឹកចំនួន ០៧ ខ្សែ ស្មើនឹងប្រវែង ៣២,៥០ គម
៥. ការងារជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៥៦ ខ្សែ ស្មើនឹងប្រវែង ៤១,៤០ គម
៦.​​ សាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ៤៥៥ កន្លែង
៧. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ០១ កន្លែង ។