ឯកឧត្តម អ៊ាង សុផល្លែត បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់បន្ត (The resumed High Level Segment)


នៅក្នុងឱកាសនៃការចូលរួមសន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងកាតូវីស សាធារណរដ្ឋប៉ូឡូញ នៅថ្ងៃពុធ ទី៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈប្រតិភូកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់បន្ត (The resumed High Level Segment) ដោយអះអាងឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ជាពិសេសគោលការណ៍រួម ប៉ុន្តែការទទួលខុសត្រូវខុសៗគ្នា និងការគោរពចំពោះសមត្ថភាព (CBDR-RC) ស្របតាមកាលៈទេសៈខុសៗគ្នារបស់ជាតិ និងផ្អែកលើកិច្ចព្រមព្រៀងក្រុងប៉ារីស ការអនុវត្តវិធានការនានាដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) និងការអភិវឌ្ឍដោយចីរភាពរបស់ជាតិ ដោយបន្ស៊ីគ្នាជាមួយនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងអាទិភាពអភិវឌ្ឍន៍ជាតិដទៃទៀត ការលើកកម្ពស់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការអភិរក្សថាមពល ប្រភពថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលបញ្ចេញកាបូនទាប និង ការចូលរួមយ៉ាងសកម្មនៅក្នុងការចរចា UNFCCC ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស។

ឯកឧត្តមប្រធានប្រតិភូកម្ពុជាបានសង្កត់ធ្ងន់លើសមត្ថភាពរបស់ភាគីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលបាននូវការគាំទ្រការអនុវត្តសម្រាប់ការត្រៀមលក្ខណៈពីមូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានពិភពលោក (GEF) គួរតែបានសម្រួល និងធានាដោយសារតែតួនាទីដ៏សំខាន់នៃ GCF និង GEF ក្នុងនាមជាអង្គភាពប្រតិបត្តិនៅក្រោមយន្តការហិរញ្ញវត្ថុនៃ UNFCCC សម្រាប់គាំទ្រដល់ការពង្រីកការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅក្រោម UNFCCC។ ជាមួយនេះ កម្ពុជាជំរុញការពង្រឹងការគាំទ្រដល់បណ្តាភាគីប្រទេសអាស៊ាន និងភាគីប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីអនុវត្តវិធានការបន្ស៊ាំ រួមទាំងកិច្ចផ្តួចផ្តើមបន្ស៊ាំដែលផ្អែកតាមប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យកសិកម្ម ដោយទទួលស្គាល់តួនាទីសារៈសំខាន់នៃកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងការផ្តល់អត្ថប្រយោជន៍បន្ថែមផ្សេងទៀត។

នាឱកាសនោះ កម្ពុជាបានអំពាវនាវដល់បណ្តាភាគីនៅក្រោមអនុសញ្ញា UNFCCC ដើម្បីពង្រឹងកិច្ចសហការឆ្ពោះទៅរកការអភិវឌ្ឍធន់នឹង អាកាសធាតុ និងការអនុវត្ត NDCs របស់ខ្លួនដោយបញ្ចេញកាបូនទាប ដោយសូមឱ្យបណ្តាភាគីប្រទេសអភិវឌ្ឍន៍ត្រូវគោរព និងបំពេញការប្តេជ្ញាចិត្តអនុវត្តដែលមានស្រាប់របស់ខ្លួន ក៏ដូចជាការប្តេជ្ញាចិត្តអនុវត្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ នៅក្រោមអនុសញ្ញា UNFCCC សម្រាប់អំឡុងពេលមុនឆ្នាំ២០២០ ដើម្បីគាំទ្រដល់ភាគីប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចប្រឹងប្រែងការកាត់បន្ថយ និងបន្ស៊ាំ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។