គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់ និងផ្លូវជាតិលេខ១១ ត្រូវបានចុះកិច្ចព្រមព្រៀង


ភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃគម្រោងចំនួន៤ជាមួយភាគីចិន  នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
គម្រោងចំនួន៤នឹងចាប់ផ្តើមសាងសង់នាឆ្នាំ២០១៧រួមមាន :
១. គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសាជីវកម្មស្ពានថ្នល់ចិន(CRBC)។ គម្រោងនេះ ជាប្រភេទគម្រោងដែលសាងសង់ ដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល (BOT)។
២. គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ ១១ អ្នកលឿង-ថ្នល់ទទឹង ជាមួយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ ក្វាងចូវវ៉ានអាន។ ផ្លូវនេះមានប្រវែង៩៦,៤៨១ គីឡូម៉ែត្រ និងទទឹងតួថ្នល់ ១១ ម៉ែត្រ ដែលចំណាយថរិការសរុបប្រមាណ ៩៨ លានដុល្លារសហរដ្ឋអាមេរិក។
៣. គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ។ ស្ពាននេះមានប្រវែង ១.១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ដែលចំណាយថរិការសរុបជិត ៥៧ លានដុល្លារសហរដ្ឋអាមេរិក។
៤.  គម្រោងត្រួតពិនិត្យបច្ចេកទេសសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់ ជាមួយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ ក្វាងចូវវ៉ានអាន។
នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្ឃឹមយ៉ាងមុតមាំថា គម្រោងហេដ្ឋារចនាសម្ព័នទាំង៤ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕