ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយកន្លែងមានប្រវែង ២២ ម៉ែត្រ ទទឹង ៩ ម៉ែត្រត្រូវបានបញ្ចុះបឋមសិលាសាងសង់


ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយកន្លែងមានប្រវែង ២២ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ដែលមានគម្រោងចំណាយថវិកា សាង សង់ សរុប ១២៥ពាន់៧៨៩ ដុល្លារ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ដែលបានផ្តួច ផ្តើងឡើងដោយ ព្រះគ្រូចៅអធិការវត្ត ពោធិ៍បន្ទាយជ័យ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរ សង្កាត់ ភូមិ បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សៅ សុជាតិ មេ បញ្ជាការរងយោធភូមិភាគទី៤ និង លោកជំទាវ ស៊ិន ណម សមាជិកក្រុម ប្រឹក្សាខេត្ត ដោយមានការ និមន្ត អញ្ជើញចូលរួម ពីព្រះអនុគណក្រុង គ្រូចៅអធិការគ្រប់វត្តក្នុងក្រុង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន និង ប្រជា ពលរដ្ឋផងដែរ ។

លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានគូសបញ្ជាក់ថា ស្ពានបេតុង ដែល បើកការដ្ឋានសាងសង់ពេលនេះ មានប្រវែង ២២ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ដោយចំណាយថវិកាសរុប ១២៥ពាន់៧៨៩ ដុល្លារ ហើយថវិកានេះ បានមកពីការមហាកម្លាំងសាមគ្គីគ្នាពី ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរសង្កាត់ ភូមិ និង បង ប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយផងដែរ ។

លោក ពិន ប្រាកដ ក្នុង នាមអាជ្ញាធរខេត្ត ក៏បានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរសង្កាត់ ភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយទាំងអស់ ដែលជាមហាកម្លាំងសាមគ្គីរួមគ្នាមួយ ដើមី្បរៀបចំកសាងស្ពានបេតុងបន្ថែមមួយទៀត តពីផ្លូវបេតុងដែលអាជ្ញាធរខេត្តបានស្ថាបនានៅប៉ែកត្រើយខាងលិច ទៅតភ្ជាប់ជាមួយផ្លូវបេតុងដែលជាមូលនិធិសង្កាត់ប៉ែកត្រើយខាងកើតស្ទឹង ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។

លោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា ស្ពានថ្មមួយនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពដងស្ទឹងប្រវត្តិសាស្ត្រឲ្យស្រស់ត្រកាលទៀតផង ។

លោកក៏បានលើកផងដែរ អំពីសមិទ្ធិផលស្ពានថ្មនេះ គឺកើតឡើងក្រោមដំបូលសន្តិភាព នៃគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានភាពស្មើមុខស្មើមាត់នៅក្នុងតំបន់ ក៏ដូចនៅលើពិភពលោក និង បានធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ។ ម៉្យាងទៀតខេត្តសៀមរាបយើង បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ តាមរយៈការកសាង កែលម្អរ នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក ដើមី្បបំពេញសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើដល់ក្រុមវិស្វកម្មសាងសង់ស្ពាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុង ការស្ថាបនាសាងសង់ស្ពានថ្មនេះ ឲ្យត្រូវតាមស្តង់ដារ និង ធានាបានទាំងគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែងទៅ អនាគត ៕