កម្ពុជាអាចនឹងទទួលទេសចរចិនមកទស្សនាប្រមាណជាង៩០ ម៉ឺននាក់ក្នុងឆ្នាំ២០១៦


ភ្នំពេញ: ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈយោគយល់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ នឹងក្លាយជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនកាន់តែជិតស្និទ្ធ ជាពិសេសជាមួយអ្នកវិនិយោគចិនក្នុងវិស័យទេសចរណ៍កម្ពុជា ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចំរើនថែមទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសពីធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Shanghai Spring International
Travel Service (Group)ហៅ ក្រុមហ៊ុន ឈុនឈីវ កាលពីព្រឹកថ្ងៃទី១៥ខែតុលា បានមានប្រសាសន៍ថា ក្រុមហ៊ុន Shanghai Spring International ជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរតាំងពីឆ្នាំ ១៩៨១ នៅទីក្រុងសៀងហៃ និងបានសហការអាជីវកម្មជាមួយក្រុមហ៊ុនធំៗចំនួន ៥០០នៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចិនទីមួយ ដែលបានបង្កើតនិងដាក់ឱ្យដំណើរការក្រុមហ៊ុនអាកាសចរឯករាជ្យដំបូងគេនៅប្រទេសចិន។
សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុន Shanghai Spring International បានចាប់ផ្តើមដំណើរការជាក្រុមហ៊ុនអាកាសចរ និងបានបើកជើងហោះហើរដំបូង សៀងហៃ-សៀមរាប-សៀងហៃ ចាប់ពីឆ្នាំ២០១៣ ហើយថ្មីៗនេះ ក្រុមហ៊ុនបានពង្រីកជើងហោះហើរពីទីក្រុង សិនចិន-សៀមរាប-សិនចិន និង ក្វាងចូវ-ភ្នំពេញ-ក្វាងចូវ។ ទៅអនាគត ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មលើសេវាកម្មទេសចរណ៍ និងចូលរួមអភិវឌ្ឍផលិតផលទេសចរណ៍នានាបន្ថែមទៀតនៅកម្ពុជា។ ក្រសួងទេសចរណ៍សូមគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាព និងគម្រោងអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍឧស្សាហកម្មទេសចរណ៍កម្ពុជា។
ឯកឧត្តមបានបន្តថា អនុស្សរណៈយោគយល់គ្នានេះផ្តោតសំខាន់លើការកសាងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្ររវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Shanghai Spring International Travel Service (Group)លើការជំរុញការហោះហើរពីតំបន់ផ្សេងៗបន្ថែមទៀតនៃប្រទេសចិនមកកម្ពុជា ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅតាមតំបន់គោលដៅសំខាន់ៗរបស់កម្ពុជា ដែលសកម្មភាពទាំងនេះនឹងចូលរួមទាក់ទាញភ្ញៀវទេសចរចិន និងទេសចរណ៍ប្រទេសទីបី មកកាន់កម្ពុជា ក៏ដូចជាចូលរួម ជម្រុញឲ្យមានជើងហោះហើរពីទីផ្សារចិនកាន់តែច្រើនថែមទៀត។
ក្នុងឆ្នាំ២០១៥ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤,៨ លាននាក់ ក្នុងកំណើន ៦ % ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០១៤។ តាមការព្យាករណ៍ យើងសង្ឃឹមថា ក្នុងឆ្នាំ២០១៦ នេះ កម្ពុជាអាចនឹងទទួលទេសចរចិនមកទស្សនាប្រមាណជាង៩០ ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ ។
តាងនាមឱ្យក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន សំដែងនូវការអបអរសាទរចំពោះការ សម្រេចបាននូវសមិទ្ធផលដ៏សំខាន់នាថ្ងៃនេះ ដែលជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលនឹងចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Shanghai Spring International Travel Service (Group)ដែលជាក្រុមហ៊ុនឯកជននាំមុខដ៏ធំមួយ និងល្បីល្បាញនៃប្រទេសចិន ដែលបានសហការធ្វើជាដៃគូក្នុងការជម្រុញអភិវឌ្ឍទេសចរណ៍កម្ពុជាដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕