សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាពិពរណ៌រូបថត និងប្លង់គម្រោងអភិវឌ្ឍន៍ នៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ


នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងដំណើរអញ្ជើញមកកាន់ខេត្តកោះកុង ដើម្បីត្រៀមអញ្ជើញចូលរួមបើកក្នុងពិធិបុណ្យសមុទ្រនៅថ្ងៃស្អែកនោះ នៅព្រឹកនេះសម្តេចទាំងទ្វេក៏បានអញ្ជើញទស្សនាពិពរណ៌រូបថត និងប្លង់គម្រោងអភិវឌ្ឍន៍ នៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុននៅប្រទេសចិន។

នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញតាមដានទស្សនា និងស្តាប់ដោយយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះ។ តាមរយៈការធ្វើបទបង្ហាញ នៅទីនេះគឺបាន និងកំពុងមានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ ទីលានវាយកូនគោល អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។

បន្ទាប់ពីតាមដានទស្សនាដោយយកចិត្តទុកដាក់អំពីគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគររួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយក្រុមហ៊ុននៃប្រទេសចិន មុននឹងអញ្ជើញធ្វើដំណើរឆ្ពោះទីកាន់ទីរួមខេត្តកោះកុងដើម្បីត្រៀមអញ្ជើញបើកពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ៕