ភ្នំពេញ៖ ក្រោយពេលសម រង្ស៊ី ប្រកាសជាបន្តបន្ទាប់ ថាជិតបានមកកម្ពុជាហើយនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់ទៅវិញថា សម រង្ស៊ី ជាជនកំសាកមិនហ៊ានចូលស្រុកនោះទេ ព្រោះគុកកំពុងបើកទ្វារចំហរង់ចាំគ្រប់ពេល។
ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះក្រោយពី សម រង្ស៊ីបានអះអាង នៅក្នុងកិច្ចប្រជុំមួយនាទីក្រុងប៉ារីស ថាខ្លួននឹងចូលមកស្រុកខ្មែរនៅឆ្នាំ
២០១៩ខាងមុខនេះ។
ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១៦ ធ្នូនេះថា ទន្ទឹមនឹងនេះ ទណ្ឌិតសម រង្ស៊ីក៏បានបំផុសញុះញង់ ឲ្យប្រជាជនមួយចំនួនដែលគាំទ្រខ្លួនងើបឡើង តស៊ូជាមួយខ្លួន ប្រឆាំងនឹងការដឹកនាំបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោហ៊ុន សែន ។ ប្រជាជនកម្ពុជារង់ចាំមើល តើទណ្ឌិតសមរង្ស៊ី ហ៊ានចូលស្រុកដែរឬទេនៅឆ្នាំ២០១៩នេះព្រោះ នៅតែ១ខែទៀតទេ នឹងមកដល់ហើយ ។
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា”ការដែលទណ្ឌិតសម រង្ស៊ីនិយាយថា នឹងមកចូលស្រុកនេះ មានច្រើនដងហើយ រាប់មិនអស់ទេ តែគេនៅតែមិនឃើញ ទណ្ឌិតរូបនេះអើតក្បាល ចូលមកក្នុងស្រុកសោះ ។ ការប្រកាសរបស់ទណ្ឌិតសម រង្ស៊ី វាគ្រាន់តែដើម្បីស្ទង់មើល សភាពការណ៍ និងប្រតិកម្មនានាតែប៉ុណ្ណោះ តាមការពិតសម រង្ស៊ីជាជនកំសាក មិនហ៊ានចូលមកទេ ពីព្រោះគុកនៅរង់ចាំ ទណ្ឌិតនេះគ្រប់ពេល ឲ្យតែឃើញក្បាលគឺគ្រឹបតែម្តង”៕