ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍ចិន ដឹកនាំដោយលោក Mei Shiwen នាយកចាត់ការទូទៅរបស់CDB សាខាខេត្តក្វាងស៊ី។
លោក Mei Shiwen បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្មរបស់ CDB នៅក្នុងប្រទេសចិន និងការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា។ លោកបានសម្តែងនូវសុឆន្ទៈក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកបន្ថែម ទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
ក្នុងនាមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះCDB ដែលបាន ផ្តល់កិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការជួយជំរុញគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប និងគម្រោងដទៃទៀតនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យCDB បន្តកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគចិននាពេលអនាគត នៅកម្ពុជា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ការអភិវឌ្ឍន៍កំពង់ផែ ការដឹក ជញ្ជូន ផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។
លោកMei Shiwen បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងបានសន្យាបន្តពង្រឹង ទំនាក់ទំនងជាមួយក្រសួង ផ្តល់ការគាំទ្រលើប្រាក់កម្ចី និងជំរុញការវិនិយោគនៅក្នុងកាលានុវត្តភាពថ្មីៗ និងគម្រោងសក្តានុពលនៅកម្ពុជា។