ការបិទពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា “AIR & TECH SHOW 2018”


រាជធានី​ភ្នំពេញ៖ ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា “AIR & TECH SHOW 2018” ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេលបីថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក នឹងបានបញ្ចប់នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិត អឹុម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្តល់​កិត្តិយស​ចូលរួម​ទស្សនា​កម្មវិធី​ពិព័រណ៌​​នេះ ដែល​រៀបចំដោយ​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា ខេត្តស្វាយរៀង
គាំទ្រដោយ​កងទ័ពជើងអាកាស និង​ក្រសួងអប់រំ យុវជន និងកីឡា ក្រោម​ការ​ឧបត្ថម្ភ​ដោយ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង៕

សូមរំលឹកផងដែរថា នេះជាព្រឹត្តការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា លើក​ដំបូង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការ​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ៗ​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​សម្រាប់​​សាធារណជន ពិសេស​យុវជន​ដែល​មាន​ចំណូល​ចិត្ត​លើ​ជំនាញ និងមុខវិជ្ជា​ផ្នែក​យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។