ការលេីកឡេីងពីសារសំខាន់នៃការរាយការណ៌ពីប្រតិកម្មរំខានរបស់ឱសថ (ហ្វាម៉ាកូវីជីឡង់)ជូនក្រសួងសុខាភិបាល គឺជាការចូលរួមពង្រឹងការងារគ្រប់គ្រងឱសថបន្ថែមទៀត ដេីម្បីសុវត្ថិភាពសុខភាពប្រជាជនកម្ពុជា បានធ្វេីឡេីងនាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរា ខេត្តកំពត ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាអគ្គនាយកបច្ចេកទេសសុខាភិបាល ដែលបានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីហ្វាម៉ាកូវីជីឡង់ (ប្រតិកម្មរំខានរបស់ឱសថ) ដល់មន្ត្រីសុខាភិបាលសាធារណៈដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងមានសមាជិក សមាជិការចូលរួមចំនួន ៤៩នាក់ ។ សមាសភាពអ្នកចូលរួមទាំងអស់អញ្ជើញមកពី នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យខេត្ត ចំនួន១០រាជធានី-ខេត្ត (ភ្នំពេញ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល កែប កោះកុង កំពត កំពង់ស្ពឺ ព្រះសីហនុ និងតាកែវ)។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អគ្គនាយកបច្ចេកទេសសុខាភិបាល បានពាំនាំនូវការកោតសរសើរពីសំណាក់ឯ.ឧ. រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វេីឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន: ហេីយលោកជំទាវក៏បានបញ្ជាក់បន្ថែមថាលោកជំទាវបន្តគាំទ្រសកម្មភាពហ្វាម៉ាកូវីជីឡង់ និងសូមឲ្យមានសកម្មភាពលេីកិច្ចការនេះ ដេីម្បីជួយដល់ការងារគ្រប់គ្រងឱសថឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត។
លោកជំទាវ អគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីហ្វាម៉ាកូវីជីឡង់នេះ ដោយសង្កត់ធ្ងន់ទៅលើការយល់ដឹងពីគុណភាពឱសថ ឱសថអន់គុណភាព ឱសថក្លែងក្លាយ និងការយល់ច្រលំនិយមន័យឱសថក្លែងក្លាយ ដេីម្បីកុំឲ្យមានការបកស្រាយខុសលេីពាក្យឱសថក្លែងក្លាយ នៅក្នុងប្រទេសយេីង និងសូមឲ្យយកចិត្តទុកដាក់លើការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ដែលមានស្រាប់ ព្រមទាំងត្រូវមានការតាមដាននិងពង្រឹងការគ្រប់គ្រងឱសថឲ្យបានល្អ កុំអោយមានការដាក់លក់ឱសថតាមចាប់ហួយ តាមកន្លែងលក់ឥវ៉ាន់ ឫតាមកញ្ច្រែងដូចកាលពី២០ឆ្នាំមុននោះឲ្យសោះ ហេីយត្រូវខិតខំជម្រុញការអនុវត្តការប្រើប្រាស់ឱសថសមស្រប (Rational use of Medicine) ជាពិសេសការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិច (Antibiotics) ស្របទៅតាមមគ្គុទេសន៍ព្យាបាល (Clinical Practice Guideline) របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយសារឱសថ និងភាពស៊ាំឱសថផងដែរ។ ទន្ទឹមនឹងនោះ ចំពោះការប្រើប្រាស់ឱសថ សូមបន្តការយកចិត្តទុកដាក់លេីការផ្តល់ឱសថឲ្យត្រូវនិងចំតាមសភាពជំងឺ ដោយមានការព្យាបាលកុំឲ្យខុសឆ្គង(Medication Error) ចៀសវាងការប្រើលើសកម្រិត(Overdose) យល់ដឹងពីអន្តរកម្មរបស់ឱសថ(Drug interaction) និងការហាមប្រើ (Contra-indication) ដែលបង្កអោយមានប្រតិកម្មរំខានរបស់ឱសថកើតឡើង។
លោកជំទាវបានសង្កត់ធ្ងន់បន្ថែមលើភាពចាំបាច់នៃការរាយការណ៍អំពីប្រតិកម្មរំខានរបស់ឱសថ និងបានណែនាំអោយពិនិត្យមើលឡើងវិញនូវគោលការណ៍ណែនាំក្នុងការរាយការណ៍អំពីប្រតិកម្មរំខានរបស់ឱសថ ពេលបញ្ចប់រួចត្រូវរៀបចំការផ្សព្វផ្សាយគោលការណ៍ណែនាំទាំងនោះជូនដល់ជនបង្គោលហ្វាម៉ាកូវីជីឡង់។ ចំពោះជនបង្គោលហ្វាម៉ាកូវីជីឡង់តាមបណ្តារាជធានី-ខេត្តត្រូវពិនិត្យរៀបចំឡើងវិញ ឲ្យមានគ្រប់ខេត្ត ព្រមទាំងសូមសំណូមពរដល់អង្គការសុខភាពពិភពលោកជួយឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពហ្វាម៉ាកូវីជីឡង់ ដោយចាប់ផ្តើម ០៣ ខេត្តដំបូង (កំពង់ធំ កំពង់ស្ពឺ និងកំពត) ដែលកំពុងតែអនុវត្តកម្មវិធីពង្រឹងប្រ័ន្ធសេវាសុខាភិបាលដេីម្បីការទទួលបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលឧបត្ថម្ភគាំទ្រដោយអង្គការសុខភាពពិភពលោក ដោយនាយកដ្ឋានឱសថ ត្រូវធ្វើការពិភាក្សារជាមួយនាយកដ្ឋានមន្ទីរពេទ្យ និងអង្គការសុខភាពពិភពលោក ដើម្បីជម្រុញសកម្មភាពហ្វាម៉ាកូវីជីឡង់ដើម្បីជាកិច្ចចាប់ផ្តើមនៃការងារនេះផងដែរ។
ព័ត៌មានទទួលបានពី មណ្ឌលព័ត៌មានឱសថកម្ពុជា នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល។