សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​អគ្គិសនី ចុះ​ត​បណ្តាញ​អគ្គិសនី ចូល​តាម​តូប​លក់ដូរ ដោយ​គិត​តម្លៃ​អគ្គិសនី​រដ្ឋ​


(​ភ្នំពេញ​)៖ ក្នុង​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​អគ្គិសនី​កម្ពុជា ចុះ​ត​បណ្តាញ​អគ្គិសនី ចូល​តាម​តូប​លក់ដូរ នីមួយៗ នៅក្នុង​ផ្សារ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​បន្តទៅ​ទូទាំងប្រទេស ដោយ​បញ្ចុះតម្លៃ ទៅតាម​តម្លៃ​រដ្ឋ​។ បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដូច្នេះ ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់ ទទួលបាន​អត្ថប្រយោជន៍​ដូចៗ​គ្នា​។​

​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ ត្រូវបាន​បញ្ជាក់ តាមរយៈ​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​បាន​ចូលរួម​ក្នុង​សន្និបាត​គណបក្ស​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨-២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។

​ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា ថ្លៃ​ប្រើប្រាស់​អគ្គិសនី នឹងត្រូវ​បញ្ចុះ សម្រាប់​ពលរដ្ឋ​នៅ​ទូទាំងប្រទេស ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ​។ ក្នុងនោះ នៅតាម​ផ្សារ ក៏ត្រូវ​ចុះថ្លៃ​ដូចគ្នា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី នៅតាម​ផ្ទះ ចាប់ពី ១ ទៅ ១០​គីឡូវ៉ាត់ ដែល​បច្ចុប្បន្ន ថ្លៃ ៤៨០​រៀល នឹងត្រូវ​បញ្ចុះ​មក​នៅត្រឹម ៣៨០ រៀល នៅ​ឆ្នាំ​២០១៩​។ ចំពោះ​ពលរដ្ឋ ដែល​ប្រើប្រាស់​ពី ១១ គីឡូវ៉ាត់​ដល់ ៥០​គីឡូ​វ៉ា ត់​នឹងត្រូវ​បញ្ចុះ​ពី​៦១០ រៀល មក​ត្រឹម ៤៨០​រៀល ក្នុង ១​គីឡូវ៉ាត់ម៉ោង​។ ចំពោះ​អ្នកប្រើប្រាស់​ចាប់ពី ៥១ ដល់ ២០០ គីឡូវ៉ាត់ បច្ចុប្បន្ន ៧៧០ រៀល នៅ​ភ្នំពេញ និង​តាម​ខេត្ត ៧២០​រៀល នឹង​ចុះ​ត្រឹម ៦១០ រៀល ក្នុង ១​គីឡូវ៉ាត់ម៉ោង​។ ចំពោះ​អ្នកប្រើប្រាស់​លើសពី ២០០​គីឡូវ៉ាត់ម៉ោង នឹងត្រូវ​ចុះមក​នៅត្រឹម ៧៤០​រៀល ក្នុង ១​គីឡូវ៉ាត់ម៉ោង នៅ​ឆ្នាំ​២០១៩ និង ៧៣០ រៀល នៅ​ឆ្នាំ​២០២០។

សូមរម្លឹកថា​ ក្នុងរយៈកាលកន្លងមក សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជា​ឲ្យមន្ត្រីអគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនី ចូលបន្ទប់ជួល និងផ្ទះជួល​​ទាំងអស់​ នៅភ្នំពេញ និងនៅទូទាំងប្រទេស ដោយគិតថ្លៃ តាមថ្លៃអគ្គិសនីរដ្ឋ។ កត្តានេះ នាំ​ឲ្យកម្មករកាត់ដេរ និងអ្នកជួល​ផ្ទះ អាចសន្សំ​បានថវិកា​មួយចំនួន​ សម្រាប់ដោះស្រាយជីវភាព​ផងដែរ​៕