ឯកឧត្តម សុខ ឥសាន ៖ កម្ពុជាមិនមានឯកភាពជាតិ ព្រោះបក្សប្រឆាំងមិនព្រមគោរពច្បាប់


ឆ្លើយតបទៅនឹង លោក កឹម សុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលបានអំពាវនាវដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះបាទនរោត្តម សីហនុមកសណ្ឋិតនៅក្នុងអ្នកនយោបាយដើម្បីជំរុញឲ្យមានការឯកភាពជាតិផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិនៅក្នុងជម្លោះនយោបាយដែលកំពុងកើតមានជាមួយគណបក្សកាន់អំណាចអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ដូចដែលមនុស្សមួយចំនួនបានលើកឡើងពិតមែន គឺបច្ចុប្បន្នប្រទេសកម្ពុជាពុំមានឯកភាពជាតិនោះទេ ដោយសារតែគណបក្សប្រឆាំងមិនព្រមគោរពច្បាប់។
ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុកមួយថា “…វាមិនដូចគាត់ថាទេ…គាត់ហ្នឹងហើយដែលមិនឯកភាពជាតិនោះ…បើឯកភាពជាតិគឺគោរពច្បាប់ហើយឯកភាពជាតិលើមូលដ្ឋាននៃការគោរពច្បាប់…អ៊ីចឹងសម្ដេចនាយករដ្ឋមន្ដ្រីលោកលើកឡើងថាកសាងប្រទេសទៅតាមនីតិរដ្ឋអ៊ីចឹងទេ…បើគាត់ធ្វើខុសច្បាប់គាត់ត្រូវទទួលស្គាល់ការពិត…ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់…អាហ្នឹងបានហៅថាឯកភាពជាតិ…បើយើងឯកភាពជាតិលើមនោសញ្ចេតនា…អាហ្នឹងធ្វើឯកភាពជាតិម៉េចកើត…បើគាត់មានបញ្ហាជាមួយច្បាប់គាត់ឲ្យគេលើកលែងទោសឲ្យគាត់បានថាឯកភាពជាតិ…មិនមែនឯកភាពជាតិលើមូលដ្ឋាននិទណ្ឌភាពឯណា…ឯកភាពជាតិលើនីតិរដ្ឋ”។