(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ២០១៩ គឺ “កំណែទម្រង់ខាងក្នុង” និង “ពង្រីកមិត្តភាពទៅខាងក្រៅ”។
ក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់សន្និបាត កាលពីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា “ពង្រីកមិត្តភាពទៅខាងក្រៅ គឺយើងមិនចេះតែផ្សារភ្ជាប់ទៅជាមួយអន្តរជាតិទេ ប៉ុន្តែយើងឈរទៅលើក្របខណ្ឌនៃការការពារគោរពគ្នាទៅវិញទៅមកនូវឯករាជ្យអធិបតេយ្យជាតិ មិនលូកលាន់កិច្ចការផ្ទៃក្នុងផងគ្នា ហើយមិនអោនក្បាល ដើម្បីជាថ្នូរនឹងការអនុគ្រោះ ឬក៏ជំនួយបរទេសណាមួយឡើយ។ ឯកិច្ចការកំណែទម្រង់ខាងក្នុង គឺយើងធ្វើបន្ត ភ្ជាប់ជាមួយនឹងកំណែទ្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នូវអ្វីដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល រយៈពេលកន្លងមក ដែលយើងធ្វើបានជោគជ័យ ហើយដែលយើងនឹងបន្តទៅមុខទៀត”។
ជាមួយគ្នានោះ សន្និបាតរយៈពេល ៣ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយជោគជ័យ តាមរបៀបវារៈ ដែលបានកំណត់ និងបានសម្រេចនូវការងារ ១១ ចំណុច ដែលរួមមាន កែសម្រួលរចនាសម្ព័ន្ធ និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ៧រូប បោះឆ្នោតជ្រើសតាំងលោក ឯក សំអុល ជាសមាជិក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល អង្គសន្និបាត ក៏បានពិភាក្សា និងកំណត់ទិសដៅ វិធានការសំខាន់ៗ ដើម្បីអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាដើម៕