គណបក្សកាន់អំណាច៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ខិតខំពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស


(ភ្នំពេញ)៖ លទ្ធផលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ធ្វើការកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍អន្តរជាតិ​ ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ទាំងខាងយោធា, សេដ្ឋកិច្ច នយោបាយ និងច្បាប់ ជាពិសេសការប្រព្រឹត្តរបស់ប្រទេសអ្នកខ្លាំង ដែលប្រកាន់នយោបាយឯកតោភាគីនិយម និងគាំពារនិយម។

នៅក្នុងស្ថានភាពនេះប្រទេសកម្ពុជា បន្តប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងសហគមន៍អន្តរជាតិ ហើយប្តេជ្ញាចូលរួមវិភាគទាន កាន់តែសកម្មដល់បុព្វហេតុ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

ការបញ្ជាក់របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីគណបក្សបានបញ្ចប់ សន្តិបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់ខ្លួនរយៈពេល៣ថ្ងៃ ដែលព្រឹត្តឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងលទ្ធផលនៃសន្តិបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយគាប់សង្កត់ ប្រទេសអធិបតេយ្យដទៃឱ្យធ្វើតាមឆន្ទៈរបស់ខ្លួន ហើយយកតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកប្រើប្រាស់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង, បំពានអធិបតេយ្យ, បំពានសិទ្ធិស្វ័យសម្រេចរបស់ប្រទេសដែលខ្សោយជាង ធ្វើឱ្យពិភពលោកជួបបញ្ហាប្រឈម និងហានិភ័យកាន់តែច្រើនឡើង ក្នុងពេលដែលបណ្តាប្រជាជាតិ កំពុងរួមគ្នាប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ក្នុងស្មារតីនេះដែរ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីពេលថ្មីៗនេះ ក្នុងការបន្តពង្រឹងពូនជ្រំចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម និងពន្លឿនការដោះស្រាយបញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាប់ព្រំដែនរួមប្រកបដោយ មិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែង៕