មន្ត្រីជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាន និងកំពុងចុះតាមដានជាប្រចាំនូវស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ


មន្ត្រីជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាន និងកំពុងចុះតាមដានជាប្រចាំនូវស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ខណៈការដាំដុះលើសផែនការកំណត់ នៅតែបន្តកើនឡើង ។ មកដល់ពេលនេះ ការដាំដុះដំណាំស្រូវប្រាំងនៅទូទាំងខេត្តបាត់ដំបង បានកើនឡើងដល់ប្រមាណ ៤៣.០០០ ហិកតា ហើយ ខណៈផែនការដែលបានដាក់ចុះ គឺត្រឹមតែ ៣៣.០០០ ហិកតា ប៉ុណ្ណោះ ។ ការធ្វើលើសផែនការនេះ បានធ្វើឲ្យតំបន់មួយចំនួនជួប និងប្រឈមនឹងការខ្វះខាតទឹក ។ មន្ទីរធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរខេត្ត ដោយមានការជួយជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងយកចិត្តទុកដាក់ ខ្នះខ្នែងដោះស្រាយ និងស្វែងរកប្រភពទឹកបន្ថែមជូនដល់បងប្អូនប្រជាកសិករជាបន្តបន្ទាប់ ។ ជាមួយនឹងការខិតខំនេះ មន្ទីរធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរខេត្ត ក៏សូមសំណូមពរផងដែរដល់បងប្អូនប្រជាកសិករ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ តាមដានឲ្យបានជាប្រចាំនូវវេនទទួលទឹក ចែករំលែកទឹកឲ្យមានសមភាពរវាងអ្នកខាងលើ និងអ្នកខាងក្រោមផ្លូវទឹក និងជៀសវាងការដាក់សម្រាស់បិទមុខទឹក ឬបូមបាចពង្រីងដើម្បីចាប់ត្រី ។