ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន ជាតិនិងអន្ដរជាតិ ជាច្រើននាក់ ឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសខកចិត្តយ៉ាងខ្លាំង ដែលបានច្រលំបោះឆ្នោតឲ្យអតីត គណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣ ដែលសំឡេងឆ្នោតរបស់ CNRP ធ្វើឲ្យកម្ពុជាអស្ថេរភាពនយោបាយ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣.២៣៥.៩៦៩ ស្មើនឹង៦៨អាសនៈ ចំណែកអតីត គណបក្សសង្គ្រោះជាតិវិញ ទទួលបានសំឡេងឆ្នោត ២.៩៤៦.១៧៦ ស្មើនឹងអាសនៈ៥៥។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា នៅសាលសន្និសីទ ពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឈឹម ផលវរុណ បញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលកន្លងទៅ គណបក្សប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់ល្អទើបពលរដ្ឋបោះឆ្នោតឲ្យគណបក្សច្រើនលើសលុប។
ឯកឧត្តមមានប្រសាសន៍ថា “ប្រជាពលរដ្ឋមើលឃើញថា អ្នកដែលប្រឆាំងគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបាន ច្រលំគាំទ្រ កាលនៅឆ្នាំ២០១៣ ធ្វើឲ្យគាត់ខកចិត្ត ដែលអ្នកនោះបានសំឡេងកើន។ ប៉ុន្ដែបានបង្កនូវអស្ថេរភាពនយោបាយ អស្ថេរភាពសេដ្ឋកិច្ច និងបង្កភាពវឹកវរ រហូតដល់បង្ហាញអំពី ការឱនក្បាល លក់អធិបតេយ្យភាពជាតិឲ្យបរទេស”។
ឯកឧត្តមបន្ដថា បញ្ហាទាំងនេះហើយដែល ធ្វើឲ្យពលរដ្ឋខ្មែរ បានដឹងចរិតពិតរបស់ថ្នាក់ដឹកនាំ អតីតគណបក្ស សង្គ្រោះជាតិ ទើបពលរដ្ឋបោះឆ្នោតឲ្យ គណបក្សកម្ពុជាដ៏ច្រើនលើសលប់កាលពីថ្ងៃទី២៩ កក្កដា ធ្វើឲ្យបណ្ដាប្រទេស មួយចំនួនកោតសសើរលើការបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ពលរដ្ឋខ្មែរទូទាំង ប្រទេសជឿជាក់ទៅ លើគណបក្សប្រជាជនកម្ពុជា ដែលបានធានានូវស្ថេរភាព ជាមូលដ្ឋាននៃការអភិវឌ្ឍន៍ ប្រទេសកម្ពុជាទាំង សេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាព័ន្ធ។
ជាងនេះទៅទៀត សន្និបាតគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ២០១៩ គឺ “កំណែទម្រង់ខាងក្នុង” និង “ពង្រីកមិត្តភាពទៅខាងក្រៅ”៕