ឯកឧត្តម សុខ ឥសានថា “ក្នុងសភាពការណ៍ ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុង ក្តាប់សភាពការណ៍យ៉ាងណែន និងកាន់អំណាចយ៉ាងរឹងមាំ បែរជាពួកអគតិមួយចំនួន និយាយវាយប្រហារថា ការធ្វើសន្និបាតរបស់គណបក្សប្រជានកម្ពុជា គឺដើម្បីបិទបាំងការភ័យខ្លាចទៅវិញ”


 

ភ្នំពេញ ៖ បន្ទាប់ពីសន្និបាត គណៈកម្មាធិការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើង អស់រយៈពេល២ថ្ងៃ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យប្រជាជនកម្ពុជា បានថ្លែងថា សន្និបាតរបស់គណបក្ស បាននិងកំពុងក្តាបសភាពការណ៍យ៉ាងណែន មិនដូចពួកអគតិមួយចំនួន និយាយវាយប្រហារថា ការធ្វើសន្និបាតនេះ ដើម្បីបិទបាំងការភ័យខ្លាចនោះទេ។

យោងតាមវិទ្យុអាស៊ីសេរី បានចុះផ្សាយថា “អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា ជាការធម្មតា ដែលគណបក្សនយោបាយនីមួយៗ ធ្វើសន្និបាត ដើម្បីពិនិត្យមើលកិច្ចការងារ និងដាក់ទិសដៅបក្ស ប៉ុន្ដែ សន្និបាតគណបក្សកាន់អំណាចពេលនេះ ធ្វើឡើងស្របពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កំពុងរងការព្រមានទណ្ឌកម្មធ្ងន់ធ្ងរ និងរងការចោទថា លួចផ្ដល់ទីតាំង ឲ្យកងទ័ពបរទេសដាក់មូលដ្ឋាននៅកម្ពុជា ដែលធ្វើឲ្យមានមន្ទិលសង្ស័យ។ ដើម្បីអាចស្ដារប្រជាប្រិយភាពឡើងវិញបាន សន្និបាតបក្សកាន់អំណាច គួរផ្ដោតលើការកែទម្រង់ ស្ទើរគ្រប់វិស័យរបស់បក្ស ក្នុងការដឹកនាំប្រទេស” ។

ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងតេឡេក្រាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ថា “ក្នុងសភាពការណ៍ ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុង ក្តាប់សភាពការណ៍យ៉ាងណែន និងកាន់អំណាចយ៉ាងរឹងមាំ បែរជាពួកអគតិមួយចំនួន និយាយវាយប្រហារថា ការធ្វើសន្និបាតរបស់គណបក្សប្រជានកម្ពុជា គឺដើម្បីបិទបាំងការភ័យខ្លាចទៅវិញ” ។

ឯកឧត្តមបន្ដថា ការធ្វើសន្និបាតនេះ អស់រយៈពេល៤០លើករួចមកហើយ សុទ្ធតែទទួលបានជ័យជំនះរហូត ដូច្នេះរាជរដ្ឋាភិបាលថ្មី បាននិងកំពុងដំណើរការ ការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ដឹកនាំប្រទេសរហូត។

សូមរំលឹកថា នៅថ្ងៃទី១៨-២០ ខែធ្នូ ២០១៨ គណបក្សប្រជាជនកម្ពុជា ប្រារព្ធបើកសន្និបាតលើកទី៤១ របស់គណៈកម្មាធិការកណ្តាលរបស់ខ្លួន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលមានសមាជិក-សមាជិកា ជាង១០០០នាក់ ៕