ឯកឧត្តម សួស យ៉ារ៉ាបានច្រានចោលរាល់ការចោទ ប្រកាន់នានារបស់អ្នក វិភាគមកលើការតែងតាំង កូនថ្នាក់ដឹកនាំកំពូល គឺឯកឧត្តម ហ៊ុន ម៉ាណែត


ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) បានច្រានចោលរាល់ការចោទ ប្រកាន់នានារបស់អ្នក វិភាគមកលើការតែងតាំង កូនថ្នាក់ដឹកនាំកំពូល គឺឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីជា សមាជិកគណៈអចិន្រ្តែយ៍ គណបក្សប្រជាជនកម្ពុជា ជារឿងមិនត្រឹមត្រូវនោះ គឺមិនពិតទេ ព្រោះការរើសនេះមិនមែន មកពីកូនកំពូលថ្នាក់ដឹកនាំទេ ដោយសារតែមានការ ទុកចិត្តពីសមាជិកកណ្តាល ដែលបានចូលរួមក្នុងសន្និបាត ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់។

ក្នុងមហាសន្និបាត គណបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៨-២០ធ្នូនេះមហាសន្និបាត ដែលមានសមាជិកចូលរួមជាង ៨០០នាក់ បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន៧រូប ដោយមានសំឡេងគាំទ្ រយ៉ាងច្រើនលើសលុប។

ក្នុងនោះរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ , ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច , ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី , ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស , ឯកឧត្តម​ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធលខេមរភូមិន្ទ, ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្រោយពីមានការប្រកាសសមាជិកគណៈអចិន្រ្តៃយ៍នេះ មានការលើកឡើងពីអ្នកវិភាគជាបន្តបន្ទាប់ថា សុទ្ធតែកើតចេញពីខ្សែស្រឡាយកូនកំពូលថ្នាក់ដឹកនាំរបស់កម្ពុជា គឺមិនសមហេតុផលនោះទេ។

បើតាមឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ការជ្រើសសមាជិកថ្មីបំពេញបបន្ថែមជំនួសសមាជិកដែលទទួលមរណភាព គឺមានការបោះឆ្នោតត្រឹមត្រូវយ៉ាងម៉តចត់។ ឯកឧត្តមថា មិនគាំទ្រ៣សំឡេង អនុប្បវាទ៨សំឡេង មិនបានការ១សំឡេង ក្រៅពីនេះគឺគាំទ្រ ក្នុងចំណោមអ្នកចូលរួមសន្និតជាង៨០០នាក់។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់សន្និបាតនៅរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ថា “ចំពោះអ្នកវិភាគដែលបានលើកឡើងថា គឺជាការបន្ថែមគណៈអចិន្រ្តៃយ៍ដែលមានចរឹកជាកូនថ្នាក់ដឹកនាំ គឺមិនត្រឹមត្រូវទេនោះ សូមច្រានចោលការរិះគន់នេះ ព្រោះការវិភាគដែលគ្មានមូលដ្ឋាន”។

ឯកឧត្តមបន្តថា ការជ្រើសរើស លោក ហ៊ុន ម៉ាណែត ជាសមាជិកអចិន្រ្តែយ៍តាមរយៈការបោះឆ្នោតនេះ គឺស្ថិតនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់គណបក្សប្រជាជនកម្ពុជា។ ម្យ៉ាងទៀត ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សិរជនមួយរូបទទួលបានភារកិច្ច ក្នុងការការពារជាតិ និងទទួលភារកិច្ចគ្រប់គ្រងកងទ័ពជើងគោកទាំងមូល ដូច្នេះក្នុងឋានៈលោកមានភារកិច្ចការពារជាតិ ស្ថិរភាពកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដែលលោកត្រូវទទួលបានភារកិច្ចមួយទទួលការទុកចិត្តពីសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលយកនូវការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ពីបណ្តាសមាជិកដែលបានចូលរួមក្នុងសន្និបាតជាសមាជិកគណៈអចិន្រ្តៃយ៍។

ពាក់ព័ន្ធថា ជ្រើសយកពីកងយោធពលខេមរភូមិន្ទសុខច្បាប់នោះ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបន្ថែមថា “អ្វីដែលយើងជ្រើសរើសឥស្សិរជនមកពីកងយោធពលខេមរភូមិន្ទនេះ មិនមែនយើងយកកងយោធពលខេមរភូមិន្ទចូលក្នុងបក្សនយោបាយទេ នេះគឺជាច្បាប់កម្ពុជាអនុញ្ញាតឲ្យបុគ្គលនីមួយៗ មានសិទ្ធិជ្រើសរើសគណបក្សនយោបាយ ។ ចឹងកាលដែលគាត់ចូលមកបម្រើនយោបាយគណបក្សទាំងមូលបោះឆ្នោតក្នុងនាមបុគ្គលនីមួយៗ ជាឥស្សិរជន ចឹងសូមកុំឲ្យមានការបកស្រាយច្រឡំបន្តទៀត”៕