ភ្នំពេញ៖ ខណៈសេចក្ដីព្រាង ច្បាប់ស្ដីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ កំពុងស្ថិតក្នុងដៃព្រឹទ្ធសភា ហើយត្រៀមនឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិនិត្យនិងសម្រេច ជ្រើសថ្ងៃអនុម័តនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ទណ្ឌិតសមរង្ស៊ី គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលត្រូវពិនិត្យលើកលែង បម្រាមធ្វើនយោបាយឡើយ និងភ័យខ្លួនខ្លាច នៅឯកោម្នាក់ឯងទើប សម រង្ស៊ី ខិតខំការពារពាក្យ ស្លោកសម រង្ស៊ីនិងកឹម សុខាជាមនុស្សតែមួយ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៨នេះឯកឧត្តម សុខ ឥសាន បានបកស្រាយមូលហេតុដែល សម រង្ស៊ីខិតខំការពារពាក្យស្លោកសម រង្សីនិងកឹម សុខាជាមនុស្សតែមួយថា តាមការជាក់ស្តែង បុគ្គលសម រង្ស៊ីនិង កឹម សុខា គឺជាមនុស្សពីរនាក់ ដាច់ដោយឡែកពីគ្នា។
បើចង់ឲ្យមនុស្សទាំងពីរនាក់នេះ ក្លាយទៅជាមនុស្សមួយ លុះត្រាតែយកទាំងពីរនាក់នេះ ទៅដាក់ម៉ាស៊ីនក្រឡុកស៊ីម៉ង់តិ៍កិន ឲ្យល្អិតម៉ត់ចូលគ្នា ទើបបានទៅជាមនុស្សតែមួយបាន ។បើធ្វើដូច្នេះ តើសម រង្ស៊ី ហ៊ានស្ម័គ្រចិត្តឲ្យគេកិនដែរឬទេ ? មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយបញ្ជាក់ថា” មូលហេតុដែលទណ្ឌិតសម រង្ស៊ីចង់បានពាក្យសម រង្ស៊ីនិងកឹមសុខា ជាមនុស្សតែមួយ គឺចង់ផ្សារភ្ជាប់ខ្លួនទៅជាមួយកឹម សុខា ខ្លាចក្រែងកឹម សុខា ត្រូវបានដោះលែងតាមខ្លឹមសារវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះពីព្រោះខ្លួនឯងមិនមានឈ្មោះនៅក្នុងបញ្ជី១១៨នាក់ទេ។ តែទោះជាយ៉ាងណាឧបាយកលរបស់ទណ្ឌិតសម រង្ស៊ីមិនអាចទប់ស្កាត់បានទេដោយសារកត្តា៣យ៉ាងគឺ១-ទណ្ឌិតសម រង្ស៊ីជាមនុស្សក្រៅបក្ស ។ ២- ទណ្ឌិតសម រង្ស៊ គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលត្រូវពិនិត្យលើកលែង បម្រាមធ្វើនយោបាយឡើយ។ ៣- ទណ្ឌិតសម រង្ស៊ី បានធ្វើសកម្មភាពប្រឆាំងនឹងសាលដីការតុលាការកំពូលដែលមិនត្រឹមបានរួចខ្លួនទេ តែត្រូវមានទោសថែមទៀតផង”។
ឯកឧត្តម សុខ ឥសាន បានបកស្រាយបន្ថែមថា ដោយសារមូលហេតុទាំងបី ខាងលើនេះ ទើបទណ្ឌិសម រង្ស៊ីភិតភ័យណាស់ ខ្លាចអ្នកដទៃចាកចោលខ្លួន អស់នៅឯកោតែម្នាក់ឯង ។ ពេលនោះ ជីវិតនយោបាយរបស់ខ្លួន នឹងត្រូវចប់ជាស្ថាពរ ជាមិនខាន ។ ដូច្នេះ ទោះបីទណ្ឌិតសម រង្ស៊ីខិតខំស្រែកថាសម រង្ស៊ីនិងកឹម សុខាជាមនុស្សតែមួយយ៉ាងណាក៏ មិនបានការដែមនុស្សពីរនាក់ នៅតែពីរនាក់ដដែល។ បើចង់បានមនុស្សមួយនោះលុះត្រា តែយកទាំងពីរនាក់ ទៅកិនកម្ទេចចោលឲ្យខ្ទេច ទើបបានតែមួយសមតាម បំណងប្រាថ្នារបស់សាម៉ីជននេះ ៕