ឯកឧត្តម សុខ ឥសាន បានអះអាងថា ទណ្ឌិតសមរង្ស៊ី គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលត្រូវពិនិត្យលើកលែង បម្រាមធ្វើនយោបាយឡើយ


ភ្នំពេញ៖ ខណៈសេចក្ដីព្រាង ច្បាប់ស្ដីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ កំពុងស្ថិតក្នុងដៃព្រឹទ្ធសភា ហើយត្រៀមនឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិនិត្យនិងសម្រេច ជ្រើសថ្ងៃអនុម័តនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ទណ្ឌិតសមរង្ស៊ី គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលត្រូវពិនិត្យលើកលែង បម្រាមធ្វើនយោបាយឡើយ និងភ័យខ្លួនខ្លាច នៅឯកោម្នាក់ឯងទើប សម រង្ស៊ី ខិតខំការពារពាក្យ ស្លោក​សម​ រង្ស៊ីនិងកឹម​ សុខាជាមនុស្សតែមួយ ​។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៨នេះឯកឧត្តម សុខ ឥសាន បានបកស្រាយមូលហេតុដែល សម រង្ស៊ីខិតខំការពារពាក្យស្លោក​សម​ រង្សីនិងកឹម​ សុខាជាមនុស្សតែមួយ​ថា តាមការជាក់ស្តែង បុគ្គលសម​ រង្ស៊ីនិង កឹម​ សុខា គឺជាមនុស្សពីរនាក់ ដាច់ដោយឡែកពីគ្នា​។
បើចង់ឲ្យមនុស្សទាំងពីរនាក់នេះ ក្លាយទៅជាមនុស្សមួយ លុះត្រាតែយកទាំងពីរនាក់នេះ ទៅដាក់ម៉ាស៊ីនក្រឡុកស៊ីម៉ង់តិ៍កិន ឲ្យល្អិតម៉ត់ចូលគ្នា ​ទើបបានទៅជាមនុស្សតែមួយបាន​ ។បើធ្វើដូច្នេះ​ តើសម​ រង្ស៊ី ហ៊ានស្ម័គ្រចិត្តឲ្យគេកិនដែរឬទេ​ ? មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយបញ្ជាក់ថា” មូលហេតុដែលទណ្ឌិតសម​ រង្ស៊ីចង់បានពាក្យសម​ រង្ស៊ីនិងកឹមសុខា ជាមនុស្សតែមួយ គឺចង់ផ្សារភ្ជាប់ខ្លួនទៅជាមួយកឹម​ សុខា​ ខ្លាចក្រែងកឹម​ សុខា​ ត្រូវបានដោះលែងតាមខ្លឹមសារវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ​ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ​ពីព្រោះខ្លួនឯងមិនមានឈ្មោះនៅក្នុងបញ្ជី១១៨​នាក់ទេ។ តែទោះជាយ៉ាងណា​ឧបាយកលរបស់ទណ្ឌិតសម​ រង្ស៊ីមិនអាចទប់ស្កាត់បានទេ​ដោយសារកត្តា៣យ៉ាងគឺ១-​ទណ្ឌិតសម​ រង្ស៊ីជាមនុស្ស​ក្រៅបក្ស​ ។ ២- ទណ្ឌិតសម​ រង្ស៊ ​គ្មានឈ្មោះក្នុងបញ្ជី១១៨នាក់ ដែលត្រូវពិនិត្យលើកលែង បម្រាមធ្វើនយោបាយឡើយ។ ៣- ទណ្ឌិតសម​ រង្ស៊ី បានធ្វើសកម្មភាពប្រឆាំងនឹងសាលដីការតុលាការកំពូល​ដែលមិនត្រឹមបានរួចខ្លួនទេ​ តែត្រូវមានទោសថែមទៀតផង”។

ឯកឧត្តម សុខ ឥសាន បានបកស្រាយបន្ថែមថា ដោយសារមូលហេតុទាំងបី ខាងលើនេះ​ ទើបទណ្ឌិសម​ រង្ស៊ី​ភិតភ័យណាស់​ ខ្លាចអ្នកដទៃចាកចោលខ្លួន អស់​នៅឯកោតែម្នាក់ឯង​ ។ ពេលនោះ​ ជីវិតនយោបាយរបស់ខ្លួន នឹងត្រូវចប់ជាស្ថាពរ​ ជាមិនខាន​ ។ ដូច្នេះ​ ទោះបីទណ្ឌិតសម​ រង្ស៊ីខិតខំស្រែកថាសម​ រង្ស៊ីនិងកឹម​ សុខាជាមនុស្សតែមួយយ៉ាងណា​ក៏ មិនបានការដែ​មនុស្សពីរនាក់ នៅតែពីរនាក់ដដែល។ បើចង់បានមនុស្សមួយនោះលុះត្រា តែយកទាំងពីរនាក់ ទៅកិនកម្ទេចចោលឲ្យខ្ទេច ទើបបានតែមួយសមតាម បំណងប្រាថ្នារបស់សាម៉ីជននេះ ​៕