ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (ប្រ.ជ) បានលើកឡើងថា ទណ្ឌិតសម រង្ស៊ី ជាមេដឹកនាំអន្តិរថី ដែលជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ថា សម រង្ស៊ី មាននយោបាយញុះញង់ឲ្យសកម្មជនខ្លួនធ្វើ សកម្មភាពយ៉ាងសកម្ម ដូចជា ចូលរួមដឹកនាំធ្វើបាតុកម្មបង្កអំពើអនាធិបតេយ្យបង្កើតបញ្ហាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម រហូតដល់គ្រោះថ្នាក់ស្លាប់ របួស ពិការនិងជាប់គុក រត់ចោលស្រុកទៀតផង។
អ្នកនាំពាក្យបន្តថា ក្នុងសភាពការណ៍រងគ្រោះបែបនេះ ទណ្ឌិត សម រង្ស៊ី និងប្រពន្ធព្រមទាំងបក្ខពួក មិនដែលបានយកចិត្តទុកដាក់ពីការលំបាកវេទនារបស់សកម្មជនរបស់ខ្លួនឡើយ។ ជនអគតិនេះ គិតតែដើរប្រមូលស្រោមសំបុត្រ នៅឯនាយសមុទ្រយកមកចាយវាយផ្ទាល់ខ្លួន និងបក្ខពួកដោយមិនគិតពីទុក្ខវេទនា របស់សកម្មជនឡើយ។
ឯកឧត្តមបន្ថែមថា ជាក់ស្តែងញុះញង់ឲ្យធ្វើបាតុកម្មដល់មានគ្រោះថ្នាក់ស្លាប់ និងរបួស មេដឹកនាំរូបនេះ មិនយកចិត្តទុកដាក់ទេ តែបែរជាយកសាកសពទៅធ្វើពិធីស្វែងរកលុយដាក់ហោប៉ៅ ទៅវិញ ។ ជាក់ស្តែងបណ្ឌិត កែម ឡីស្លាប់ កាងសពបណ្ឌិតកែម ឡីឆ្លៀតដើរតួជាអ្នកមានចិត្តទុកដាក់ធ្វើបុណ្យនៅទីបំផុតយកលុយបច្ច័យបុណ្យសពទៅបាត់អស់។
អ្នកនាំពាក្យកាន់អំណាចបន្តថា ឧទាហរណ៍លោក ជាម ច័ន្ទនី ជាសកម្មជនសកម្មរបស់ទណ្ឌិត សម រង្ស៊ី ត្រូវផ្តល់កិត្តិយសថា ជាជនឆ្នើមទៀតផង ប៉ុន្តែនៅពេលលោក ជាម ច័ន្ទនីស្លាប់ តែបច្ច័យ១រៀលចូលបុណ្យសព ក៏ទណ្ឌិតសម រង្ស៊ីមិនចូលបុណ្យផង បានត្រឹមសរសេរលិខិតរំលែកទុក្ខប៉ុណ្ណោះ។
ឯកឧត្តមថា ដោយសារមានអាកប្បកិរិយាបែបនេះរបស់ទណ្ឌិតសម រង្ស៊ី ទើបមានសកម្មជនបក្សប្រឆាំងជាច្រើនបានចាកចេញពីទណ្ឌិតសម រង្ស៊ី ដោយសារបាត់ជំនឿពីមេអស់រលីង ដូច្នេះហើយកុំសង្ឃឹមថា មានអ្នកគាំទ្រដល់លាននាក់មកស្វាគមន៍ទណ្ឌិតសម រង្ស៊ី នៅពេលត្រឡប់ចូលស្រុកវិញនោះ។
អ្នកនាំពាក្យបញ្ជាក់ទៀតថា “ដោយសារអត្តចរិតបែបនេះ ទើបទណ្ឌិតសម រង្ស៊ីត្រូវឯកោស្ទើរទាំងស្រុង និងឈានទៅរលំរលាយនាពេលខាងមុខឆាប់ៗនេះ។ បរាជ័យទៅ អាមេដឹកនាំអន្តិរថី” ៕