ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបពិភក្សាការងារជាមួយ ថ្នាក់ដឹកនាំមូលនិធិអប់រំប្រទេសទួរគី


(ភ្នំពេញ)៖ ប្រតិភូមូលនិធិអប់រំទួរគី (Turkish Maarif Foundation) ដឹកនាំដោយលោក Cahit Bagci សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលជំនួបនេះក៏មានវត្តមានរបស់ លោកស្រី អៃដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីប្រចាំកម្ពុជា និងលោក Mr. Ahmet Turkban, សមាជិកគណៈកម្មការត្រួតពិនិត្យ និងប្រតិភូមូលនិធិអប់រំទួរគី។

តាមការបញ្ជាក់របស់ លោក Cahit Bagci បានឲ្យដឹងថា គោលបំណងសំខាន់ ក្នុងការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យអប់រំរវាងកម្ពុជា ទួរគី និងសិក្សាស្វែងយល់ពីវិស័យនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលតួរគី ដែលបានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទួរគី នាឱកាសកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្ស៊ីក កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។

ឯកឧត្តមបានស្នើដល់ភាគីទួរគី ជួយបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបានឱកាសទៅសិក្សានៅប្រទេសទូរគីអោយបានកាន់តែច្រើនថែមទៀត៕