ព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី​​ ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងអង្គសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដីការងារឆ្នាំ២០១៩។

ពិធីដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកនេះ ក៏មានការចូលរួមពីអង្គទូត តំណាងអង្គទូត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងច្រើនកុះករផងដែរ។

សូមជំរាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០១៧ ក្រសួងបានប្រមូលចំណូល ចូលថវិកាជាតិសរុបចំនួនជាង ៣៧១ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង ៩២លានដុល្លារអាមេរិក ដោយគិតទាំងចំណូល ពីការផ្ទេរអចលនទ្រព្យ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា ការងារចំណូលសម្រាប់ឆ្នាំ២០១៧ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន ៣៧១,០២១,៤៧៨,៦០៥រៀល គិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។

ចំណូលទាំងនោះត្រូវបានប្រមូលពី៖

*ចំណូលពីសេវាសុរិយាដីមានចំនួន ៤២,៤៧១,១៥៨,១១៥រៀល ក្នុងនោះ ១៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន៦,៦៥៥,៨៣៤,៩៣៥រៀល, ២៖ ការចុះបញ្ជីដីមានលក្ខណៈ ដាច់ដោយដុំ ចំនួន ៣៥,៨១៥,៣២៣,១៨០រៀល។

*ចំណូលពីសេវាសំណង់មានចំនួន ៤,០២៥,៥០៥,៩៨០រៀល។

* ចំណូលពីការជួលទីតាំងរោងចក្រ សហគ្រាស មានចំនួន ២៧៧,០៣៦,០៩០ រៀល។

*​ ចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយអង្គភាពពន្ធដារ បានចំនួន៣១៥,០៩៥,៣៧៩,០០៣រៀល៕