អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន ការតបណ្តាញអគ្គិសនី នៅតាមដងទន្លេមេគង្គ


នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន ការតបណ្តាញអគ្គិសនី នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ មាន៣ឃុំ គឺឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំកាំងចាម។

ក្នុងដំណើរនៃការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យស្ពានដែកបាឡេចំនួន៣ គឺស្ពានឃុំអូររៃប្រវែង៤០ម៉ែត្រ ស្ពានអូររុនប្រវែង៦០ម៉ែត្រ ស្ថិតនៅក្នុងឃុំអូររៃ និងស្ពានអូតាសួសប្រវែង ៣០ម៉ែត្រ ស្ថិតនៅក្នុងឃុំកាំងចាម ដែលស្ពានទាំង៣ខាងលើនេះត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានចំនួន២កន្លែងទៀត គឺស្ពានអូរគ្រៀក ប្រវែង២៧ម៉ែត្រ និងស្ពានអូរក្រាស់ ដែលស្ពានទាំងពីរនេះ ស្ថិតនៅក្នុងឃុំកាំងចាម ហើយនឹងចាប់ផ្តើមដំណើរការសាងសង់នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ថែទាំសមិទ្ធផលថ្មីនេះឲ្យបានល្អ និងបន្តជួសជុលស្ពាន និងផ្លូវដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់នាពេលកន្លងមកនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន ការតបណ្តាញអគ្គិសនីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក្នុងភូមិ ឃុំ ដែលកំពុងស្ថាបនា ផ្លូវ ស្ពាន និងតបណ្តាញអគ្គីសនី។ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ចាស់ជរា ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០០០០រៀលផងដែរ។