ឯកឧត្តម វេង សាខុន និងគណៈប្រតិភូបានអញ្ជើញត្រលប់មកពីទស្សនកិច្ច ការវិនិយោគប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) នៅតាមដីស្រែ របស់ក្រុមហ៊ុន Hubei Laker Group នៅខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព


នៅល្ងាចថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នា២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូបានអញ្ជើញត្រលប់មកពីទស្សនកិច្ច ការវិនិយោគប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish) នៅតាមដីស្រែ របស់ក្រុមហ៊ុន Hubei Laker Group នៅខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព។ សូមបញ្ជាក់សារជាថ្មីថា ដំណើរទស្សនកិច្ចនេះ មានគោលបំណង ពិនិត្យ និងវាយតម្លៃ ពីស្ថានភាពនៃការចិញ្ចឹមបង្កងនៅក្នុងដីស្រែនៅប្រទេសចិន លក្ខខណ្ឌបច្ចេកទេស សក្តានុពលសេដ្ឋកិច្ច និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ ជំហ៊ានបន្ទាប់គឺក្រុមហ៊ុននឹងចាត់បញ្ជូនអ្នកជំនាញចុះមកសិក្សាពីទីតាំង និងភូមិសាស្រ្តនៅកម្ពុជា ជាមួយរដ្ឋបាលជលផល ព្រមទាំងរៀបចំចុះអនុស្សារណៈយោគយល់ជាមួយក្រសួង មុននឹងចាប់ផ្តើមបោះទុនវិនិយោគ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបំណងសហការជាមួយរដ្ឋបាលជលផល ក្នុងការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍ពូជបង្កង និងចិញ្ចឹមសាកល្បង មុននឹងចាប់ផ្តើមពង្រីក និងផ្សព្វផ្សាយពីការចិញ្ចឹមដល់កសិករ ឬដៃគូរដទៃទៀត។