នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាអង្គរខេត្តសៀមរាប ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី យុទ្ធសាស្រ្តគ្រប់គ្រងសម្រាប់រៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការប្រើប្រាស់ដីក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដោយមានការចូលរួមពី ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា តំណាងសហគមន៍តំបន់ការពារធម្មជាតិ អង្គការអប់រំស្តីពីបរិស្ថាន អង្គការADF អង្គការ FAO , FCPF/UNDP តំណាងវិស័យឯកជន និងអាជ្ញាធរពាក់ពន័្ធគ្របជាន់ថ្នាក់ សរុបប្រមាណ៣២រូប។
កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងពិនិត្យលើយន្តការ និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានចែងក្នុងផែនការសកម្មភាពឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២០១៨-២០២៧ ដើម្បីរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងប្រើប្រាស់ដីអោយមានភាពច្បាស់លាស់ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ គោលនយោបាយ និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងបរិស្ថានបានអនុុម័ត។