អភិបាលខេត្តមណ្ឌលគិរី ជម្រុញដល់អភិបាលរងក្រុង ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអរសោភ័ណ្ឌភាពនៅក្រុងសែនមនោរម្យ ឲ្យបានល្អប្រសើរ


មណ្ឌលគិរីៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានស្នើដល់លោក អភិបាលរងក្រុងសែនមនោរម្យ រួមទាំងអាជ្ញាធរត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងកាកសំណល់ឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យក្រុងសែនមនោរម្យមួយនេះ មានសោភ័ណ្ឌភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើង ឯកឧត្តម ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ទៀតថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនៅក្នុងខេត្តមណ្ឌលគីរី កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ឯកឧត្តម បានស្នើ និងជម្រុញដល់អភិបាលក្រុង រួមទាំងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងអស់ ត្រូវចូលរួមសហការណ៍គ្នា គិតគូររៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាការរក្សាដីចំណីផ្លូវ និងការពង្រីកផ្លូវ ក្នុងក្រុងឲ្យបានធំទូលាយ ជាពិសេស ការគ្រប់គ្រងកាកសំណល់នានា និងការរៀបចំរមណីយដ្ឋាននានា។ ឯកឧត្តម បន្ថែមទៀតថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងនាពេលនេះ គឺដើម្បីចូលរួមអនុវត្តការងារជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងការបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ។ ជាងនេះទៅទៀត ក៏ស្នើដល់អភិបាលរងក្រុង ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទ្វេដង និងត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

លោក ជ្រង ធិល អភិបាលរងក្រុង ទើបឡើងតួនាទីថ្មី បានធ្វើការប្តេជ្ញាចិត្តថា ត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មនូវ ឆន្ទះ មនៈសិកា ដើម្បីជាតិមាតុភូមិ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវគោរពតាមឋានានុក្រមការងារ ដែលថ្នាក់ដឹកនាំចាត់ចែង ប្រគល់ប្រតិកម្ម ផ្ទេរមុខងារ ការងារ ការធ្វើកំណែទម្រង់វិជ្ឈមការ វិសហមជ្ឈមការ តាមគោលការច្បាប់ លិខិតបទដ្ឋាន គតិយុទ្ធនានា និងច្បាបលក្ខន្តិកៈជាមន្រ្តីរាជការ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម ដកស្រង់បទពិសោធន៍ និងខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាបលរដ្ឋឱ្យបានល្អប្រសើរ៕