នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បញ្ជាក់ឡើងវិញអំពីគម្រោងដាក់បញ្ចូលវិមានឈ្នះឈ្នះ ក្នុង​កម្មវិធីសក្សារបស់ក្រសួងអប់រំ និងកម្មវិធីសិក្សារបស់កងទ័ព


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ​ ​អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងប្រធាន​ក្រុមការងារសាងសង់ ​វិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់ឡើងវិញ អំពីគម្រោងដាក់បញ្ចូល វិមានឈ្នះ ឈ្នះ ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីសិក្សារបស់កងទ័ព ដើម្បីដឹងកាន់តែច្បាស់ទៅលើអ្វីដែលជាសកម្មភាព និងការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។

តាមរយៈគណនី Facebook ផ្លូវការនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឲ្យដឹងថា ការចេញបញ្ជាក់ឡើងវិញ ដើម្បីជៀសវាងការភ័ន្ដច្រឡំពីសំណាក់មហាជននេះ ក្រោយមានការចោទជាសំណួរពីអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ថា «​ឯកឧត្តម គិតថាសំណង់វិមានឈ្នះ ឈ្នះ គឺតំណាងឲ្យវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងតំណាង​ឲ្យសន្តិភាពរបស់ប្រទេសកម្ពុជាទាំងមូល ហើយជាសំណង់ប្រវត្តិសាស្រ្ត តើយើងនឹងមានគម្រោងដាក់ បញ្ជូលនៅក្នុងកម្មវិធីសិក្សានៅក្នុងកម្មវិធីអប់រំដែរឬទេ?»

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់បន្ថែម និងធ្វើការបកស្រាយជាថ្មីម្ដងទៀតថា៖

«ការបកស្រាយរបស់ខ្ញុំ៖ សំណួរដ៏ល្អមួយនេះ ខ្ញុំចង់បំពេញថែមបន្តិចថា មិនត្រឹមតែជាការលើកយកនូវប្រវត្តិ និងវីរភាពដ៏អស្ចារ្យ​របស់សម្តេចតេជោទេ សំណង់មួយនេះ គឺជាការបំពេញនូវចន្លោះប្រហោងនៃទំព័រប្រវត្តិសាស្រ្ត ដើម្បីឲ្យយល់ច្បាស់ថែមទៅលើអ្វីដែលជាសកម្មភាព និងការដឹកនាំរបស់សម្តេចតេជោ ពីព្រោះទៅជាមួយនិងបញ្ហាទាំងអស់នេះ យើងនឹងបានឃើញនូវការរៀបរាប់រឿងរ៉ាវទាំងអស់ នូវដំណាក់កាលនីមួយៗ ដែលនឹងត្រូវមានផងដែរ នេះជា ចំណុចសំខាន់ ហើយទាក់ទងជាមួយសំណួរដែលថា ត្រូវរៀបចំទៅក្នុងកម្មវិធីសិក្សា តាមពិតគប្បីមានយូរមកហើយបញ្ហានេះ។

​អំពីការសិក្សានយោបាយឈ្នះ ឈ្នះ, ឥឡូវនៅក្នុងកងទ័ព កងយោធពលខេមរភូមិន្ទ ខាងអគ្គ​បញ្ជាការដ្ឋាន និងទីចាត់ការហ្វឹកហ្វឺន រួមទាំងសាកលវិទ្យាល័យការពារជាតិ គឺបានរៀបចំកម្មវិធីសម្រាប់សិក្សា ទៅក្នុងកងទ័ព វគ្គសិក្សានានា គឺនឹងមានរៀបចំសិក្សាអំពីអត្ថន័យយ៉ាងជ្រៅជ្រះ ពីព្រោះអត្ថន័យនៃចំណុច​សំខាន់ៗ ទាក់ទងជាមួយ​រឿងយុទ្ធសាស្រ្ត ទាក់ទងជាមួយប្រតិបត្តិការ ទាក់ទងជាមួយ​រឿងរ៉ាវទាំងឡាយ ដែលនៅក្នុងចង្កោម របស់មេរៀនខាងយោធា តែដោយឡែកនៅខាងកម្មវិធីប្រវត្តិសាស្រ្តខាងផ្នែកអប់រំ និង​សិក្សាធិការ ខ្ញុំជឿជាក់ថា ក៏មានការគិតគួរអំពីបញ្ហានេះ ដោយនឹងចែក ទៅជា​ដំណាក់កាលតាមកម្រិតមធ្យម ឧត្តម យ៉ាងណាត្រូវរៀនកម្រិតណាដ៏មានសារៈសំខាន់ តែគឺជាភាពចាំបាច់មួយដ៏ល្អដែលត្រូវតែដាក់បញ្ជូលទៅ ក្នុងកិច្ចការនេះផងដែរ»

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្ដើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាល ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ-ឈ្នះ ផងដែរ ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សំណង់វិមានឈ្នះ-ឈ្នះ នេះតំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្ដួលរំលំ របបប្រល័យពូជសាសន៍ «ប៉ុល ពត»។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះ គឺជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា សម្រាប់រូបចម្លាក់ដែលឆ្លាក់ព័ទ្ធជុំវិញនៃវិមាន គឺភាគច្រើននិយាយអំពី ប្រវត្តិសាស្ត្រកម្ពុជា ក្នុងអំឡុងទសវត្សរ៍ ៨០ និង៩០ ជាពិសេស គឺនិយាយអំពីដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តផ្សេងទៀត ដែលបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម មកជួយរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» និងដំណើររឿងរបស់កម្ពុជា ចាប់តាំងពីទសវត្សរ៍ទី៧០ រហូតមកដល់សព្វថ្ងៃនេះជាដើម៕