អំណោយរបស់តំណាងរាស្ដ្រ ហ៊ុន ណេង ត្រូវបានឯកឧត្តម សោ សាវឿន យកទៅប្រគល់ជូនពលរដ្ឋនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម


(កំពង់ចាម)៖ អំណោយរបស់ឯកឧត្តម ហ៊ុន ណេង​ អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានស្រ្តីទើបឆ្លងទន្លេចំនួន៤២គ្រួសារ និងគ្រួសារចាស់ជរា១៥គ្រួសារ។

ការប្រគល់អំណោយនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយឯកឧត្តម សោ សាវឿន ​សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ណេង ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម និងសហការី ព្រមទាំងក្រុមប្រឹក្សាឃុំ។

ឯកឧត្តម សោ សាវឿន បានបញ្ជាក់ថា អំណោយទាំងអស់នេះ ត្រូវបានប្រគល់ជូនគ្រួសារចាស់ជរាជួបការលំបាកចំនួន១៥គ្រួសារ និងគ្រួសារស្ដ្រីទើបឆ្លងទន្លេ៤២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គក្រ មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥០,០០០រៀល​។

បន្ទាប់មក ឯកឧត្តម សោ សាវឿន ក៏បានចុះពិនិត្យមើលទីតាំងសាងសង់សាលាឆទានមួយកន្លែង ក្នុងភូមិអន្លង់ស្នូក និងផ្លូវមួយខ្សែ ដែលមានការខូតខាត ក្នុងភូមិអូរស្វាយ តាមរយៈលោក​ដែលបាននាំយកថវិការបស់លោក ហ៊ុន ណេង ចំនួន២,០០០,០០០រៀល​​ សម្រាប់ជួយកសាងសាលាឆទាន និងចំនួន៥០០,០០០រៀល សម្រាប់ជួយជួសជុលផ្លូវផងដែរ៕