ស្ត្រីមេម៉ាយកូន៤ដ៏កំសត់, មានកូន២នាក់ពិការ ម្តាយក៏ជរាជាបន្ទុក ថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជួយសាងសង់ផ្ទះថ្មីមួយខ្នង ផ្តល់ស្បៀង និងថវិកា


(កំពង់ស្ពឺ)​៖​ ផ្ទះថ្មីមួយខ្នងតម្លៃ​៦,៩៨១ដុល្លារអាមេរិក​ ធ្វើអំពីឥដ្ឋនិងឈើ​ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ តយ៉ាកមកមុខ ៣ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់​ កាកបាទ​ក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវបានប្រគល់ជូនគ្រួសារអ្នកស្រី​ សាន​ ខុម​ អាយុ​ ៣៩ឆ្នាំ​ ជាស្ត្រីមេម៉ាយមានកូន​៤នាក់​ ក្នុងនោះកូនប្រុស​២នាក់ ពិការដើរមិនរួច​ កូនស្រីតូចម្នាក់ និងមានម្តាយចាស់ជរា​នៅក្នុងបន្ទុក បច្ចុប្បន្នមានទីលំនៅភូមិព្រៃធំ​ ឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីប្រគល់ផ្ទះ​ នាថ្ងៃពុធ​ ទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នេះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានផ្តាំផ្ញើសួរសុខទុក្ខ​ និងចូលរួមត្រេកអរចំពោះគ្រួសារដែលទទួលបានទីជម្រកថ្មីដ៏កក់ក្ដៅសម្រាប់រស់នៅតទៅថ្ងៃអនាគត។

ជាមួយគ្នានោះ​ លោកជំទាវ​ អគ្គលេខាធិការរងទី ១ បានផ្តាំផ្ញើដល់ក្រុមគ្រួសារអ្នកស្រី សាន​ ខុម ត្រូវថែទាំសុខភាពឱ្យបានល្អ ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងអប់រំកូនៗឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន និងសូម ប្រេីប្រាស់ទឹកដោយសន្សំសំចៃ​ ត្រៀមស្តុកទឹកសម្រាប់រដូវប្រាំងដែលអាចប្រឈមនឹងគ្រោះរាំងស្ងួតនាពេលខាងមុខនេះ ។

អំណោយដែលនាំយកទៅប្រគល់ជូន ក្នុងពិធីប្រគល់ផ្ទះនោះរួមមាន ៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា​ អាវយឺត កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារផ្ទះបាយ និងថវិកាចំនួន​ ១,០០០,០០០រៀល។​ ដោយឡែក​ សម្រាប់ចាស់ៗដែលមកចូលរួមក្នុងពិធីប្រគល់ផ្ទះនោះ​ ក៏ទទួល​បាន​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ និងថវិកាមួយចំនួនដែរផងដែរ ៕