ឯកឧត្តម ចាន់ យុត្ថា បានចុះពិនិត្យលើការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជាង ១.៣០០ ហិកតា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ


ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យលើការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជាង ១.៣០០ ហិកតា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ គឺចំពោះស្រូវវស្សាដែលបានផលិតលើផ្ទៃដី ២៥០.៧៥០ ហិកតា ត្រូវបានបងប្អូនប្រជាកសិករបាន និងកំពុងប្រមូលផល ស្ទើរតែនឹងរួចរាល់ហើយ ពុំមានការប្រឈមនឹងបញ្ហាទឹកទេ ។ ប៉ុន្តែអ្វីដែលនៅមានការប្រឈមនោះគឺ ដំណាំស្រូវប្រាំង ដោយសារតែការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ គឺលើសផែនការកំណត់រហូតទៅដល់ជាង ២១៣ ភាគរយ ។ លោកប្រធានមន្ទីរបន្តថា ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការផលិតស្រូវប្រាំងលើផ្ទៃដី ២២.០០០ ហិកតា ប៉ុន្តែមកដល់ពេលនេះ ការដាំដុះជាក់ស្តែងរបស់បងប្អូនប្រជាកសិករ គឺបានរហូតដល់ជាង ៤៧.០០០ ហិកតា ហើយ ដូចនេះទើបធ្វើឲ្យមានការប្រឈម ។

នៅក្នុងពេលចុះពិនិត្យនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ ដោយអនុវត្តទៅតាមការឯកភាពគ្នានៅក្នុងអង្គប្រជុំដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ០៨ ខែធ្នូ កន្លងទៅ ដោយមានការចូលរួមរវាងក្រសួង និងអាជ្ញាធរខេត្ត ក្រុងស្រុក សង្កាត់ឃុំពាក់ព័ន្ធ ។ ក្នុងន័យនេះ ការអន្តរាគមន៍គឺយើងនៅតែបន្ត ប៉ុន្តែក៏ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះការថែរក្សាទឹកទុកសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខដែរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា យោងតាមការព្យាករលើកទី ១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩ យើងពិនិត្យឃើញថា ស្ថានភាពអាកាសធាតុគឺមិនអំណោយផលទេ អាចរហូតដល់ពាក់កណ្តាលខែឧសភា ទើបមានភ្លៀងធ្លាក់រាយប៉ាយ ទន្ទឹមនេះ អាកាសធាតុក៏ក្តៅហួតហែងខ្លាំង ដូចនេះការថែរក្សាទឹកទុកក្នុងគោលដៅសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជារឿងចាំបាច់