មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន ចុះមូលដ្ឋានខេត្តស្វាយរៀង៖ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សឲ្យធ្វើអំពើល្អ


(ស្វាយរៀង)៖ ឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងារគណៈពង្រឹង ចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សឲ្យធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីអារាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស ឲ្យមានអនាគតភ្លឺស្វាង និងក្លាយជាថ្នាក់ដឹកនាំប្រទេស ប្រកបដោយគុណធម៌ផងដែរ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម មាស ប៊ុនឡី បានធ្វើឡើងក្នុងពិធីសម្ភោធសមិទ្ធផលនានា នៅក្នុងវត្តពោធិពិសី ស្ថិតក្នុងឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានការចូលពីពុទ្ធបរិស័ទជិតឆ្ងាយ សប្បុរសជនក្នុង និងក្រៅប្រទេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

 ឯកឧត្តម មាស ប៊ុនឡី ក៏បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយជ្រំ ដែលជានិច្ចជាកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកស្វាយជ្រំ ក៏ដូចនៅទូទាំងខេត្តស្វាយរៀងផងដែរ។

 ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងមានវត្តអារាម ប្រមាណជាង៤០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺ ត្រូវតែដើរទន្ទឹមគ្នា។

 ឯកឧត្តមបានបន្ថែមថា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុក្ខចិត្ត លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ សែន ជាប្រមុខដឹកនាំ ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

 ឯកឧត្តម មាស ប៊ុនឡី ក៏បានជំរុញឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់អាវុធគ្រប់ថ្នាក់ ត្រូវការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យទទួលបានជោគជ័យ។

 ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ ដឹកនាំមិនចង់បានអ្វីក្រៅពីឃើញ ពលរដ្ឋរស់នៅមានជីវភាពសមរម្យ រស់ដោយប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនៈភាពសង្គម រស់ដោយសេចក្តីថ្លៃថ្នូរនោះឡើយ។

 ឯកឧត្តមបន្ដថា យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាតំលៃសន្តិភាពនេះ ឲ្យរស់ស្ថិតស្ថេរគង់វង្ស មិនឲ្យមានអ្នកណាមួយមកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះ រកមកដោយលំបាកជាការលះបង់ដ៏ធំធេង របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗដូចសព្វថ្ងៃនេះ៕