ឯកឧត្តម ចាន់ យុត្ថា បានបន្តចុះពិនិត្យសក្តានុពលទឹករបស់ស្ទឹងក្រឡាញ់


បន្ទាប់ពីបានចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួចមក នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យសក្តានុពលទឹករបស់ស្ទឹងក្រឡាញ់ ដែលជាស្ទឹងមួយខ័ណ្ឌចែកព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ ជាមួយនឹងខេត្តសៀមរាប ។ តាមការចុះពិនិត្យបឋម ស្ទឹងក្រឡាញ់នេះមានសក្តានុពលទឹកខ្ពស់ ព្រោះថា ម្យ៉ាងស្ទឹងនេះមានតំបន់ផ្ទៃរងទឹកភ្លៀងធំទូលាយ ដែលមានរបាយទឹកភ្លៀងធ្លាក់ច្រើននៅរដូវវស្សា និងម្យ៉ាងទៀត មានអាងទឹកស្ទឹងស្រែងជំហានទី ២ ដែលមានសក្តានុពលស្តុកទឹករហូតដល់ ២៦៤ លានម៉ែត្រគូប បានសាងសង់រួច ហើយក្រសួងក៏មានវិធានការសាងសង់អាងទឹកធំៗមួយចំនួនទៀត នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងនេះផងដែរ ។

បន្ទាប់ពីបានពិនិត្យឃើញសក្តានុពលទឹករបស់ស្ទឹងក្រឡាញ់នេះ ឯកឧត្តមរដ្ឋលេខាធិការ នឹងស្នើឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ចុះសិក្សាលម្អិតបន្ថែមទៀត ដើម្បីឈានទៅសាងសង់សំណង់កាត់ស្ទឹងមួយកន្លែង ដើម្បីបញ្ចាល់ទឹក ហើយរៀបចំឲ្យមានជាប្រព័ន្ធស្រោចស្រព ដែលអាចបម្រើឲ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ២០.០០០ ហិកតា និងស្រូវប្រាំង ១២.០០០ ហិកតា ។

សូមបញ្ជាក់ជូនថា ស្ទឹងក្រឡាញ់ និងស្ទឹងស្រែង គឺជាស្ទឹងតែមួយ ( នៅខាងលើផ្លូវជាតិលេខ ៦ ហៅថាស្ទឹងស្រែង ឯនៅក្រោមផ្លូវជាតិលេខ ៦ ហៅថាស្ទឹងក្រឡាញ់ ) ។