រាជធានីភ្នំពេញ៖ ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានរៀបចំឡើងដោយអនុញ្ញាតឱ្យចូលសាធារណជនពិសេសយុវជន ចូលរួមទស្សនាដោយសេរី ដើម្បីបណ្ដុះស្មារតីសិស្ស-និស្សិត ឱ្យស្រលាញ់ ចូលចិត្ត និងមានឱកាសសាកល្បងផ្ទាល់លើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន បានចូលរួមទស្សនាការតាំងពិព័រណ៍នេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅអគារខេមរានី ដែលស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់ការតាំងពិព័រណ៍នេះ ជាមួយបណ្តាមេរៀនពាក់ព័ន្ធក្នុងកម្មវិធីសិក្សា រួមមានមុខវិជ្ជារូបវិទ្យា គណិតវិទ្យា និងមុខវិជ្ជាមួយចំនួនទៀតផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ។
ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យសិស្ស និងនិស្សិតគ្រប់វ័យ មកចូលរួមទស្សនា និងសាកល្បងដកបទពិសោធន៍ដោយផ្ទាល់ ជាមួយគ្រឿងម៉ាស៊ីន និងសម្ភារៈឧបទេសជាង៧០គ្រឿង រួមទាំងការទស្សនាវីដេអូ 3D នៅក្នុងផ្ទះអឌ្ឍគោល ដែលដំណើរការចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ រៀងរាល់ម៉ោងធ្វើការ៕