ព្រឹកថ្ងៃនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម


នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។

ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។

ការប្រារព្ធពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ។

កម្ពុជាបានរងការខ្ទេចខ្ទាំស្ទើរខ្លាចជាផេះផង់ ប្រជាពលរដ្ឋរងទុក្ខវេទនាមិនអាចគណនាដោយសារតែទំហំនៃភ្លើងសង្គ្រាមក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំចុងក្រោយ មុននឹងពន្លឺសុខសន្តិភាពឈានចូលមកដល់នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

មកដល់ពេលបច្ចុប្បន្ននេះសុខសន្តិភាពដែលជាតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិកម្ពុជាមានរយៈពេល២០ឆ្នាំហើយ។ ម្លប់សន្តិភាពរយៈពេល ២០ឆ្នាំនេះ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនខ្លាំងគ្រប់វិស័យ ប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខដុម ជាមួយនឹងជីវភាពកាន់តែប្រសើរ។

ការសាងសង់ឡើងនូវវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ​» គឺជាការកសាងឡើងនូវនិមិត្តរូបនៃការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព។ វិមានអនុស្សាវរីយ៍នេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។

វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាទ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពី ខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន​សាងសង់ឡើង​ដោយ​បញ្ជា​ក់នូវ​អត្ថន័យ​ដ៏​មាន​សារសំខាន់​ចំនួន​បីរួមមាន៖ ​ទី​១. កំពូល​វិមាន​ដែល​មានជ្រុង​បី​តំណាង​ឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),​ ទី​២. ​តួ​វិមាន ដែលមាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជា​យុទ្ធសាស្ដ្ររំលាយអង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​សារសំខាន់​ទី​៣. តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំឲ្យ​នយោបាយ​ឈ្នះ-ឈ្នះ ទទួលបាន​ជោគជ័យ​។​

បរិវេណ​នៃ​វិមាន​អនុស្សាវរីយ៍​នេះ មាន​ចែកចេញជា​ ៣​តំបន់រួមមាន៖

​តំបន់​ទី​១៖ តួ​វិមាន​ឈ្នះ-ឈ្នះ ដែល​បង្ហាញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ ដោយ​បង្កប់​នូវ​អត្ថន័យ​ទៅលើ​ការធានា​៣​យ៉ាង​…​យុទ្ធសាស្ត្រ​ទាំង​៥​នៃ​ការរំលាយ​អង្គការ​ខ្មែរក្រហម និង​កត្តា​ទាំង​៧​ដែល​ធ្វើ​ឲ្យ​នយោបាយ ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​។ នៅ​ជុំវិញ​តួ​វិមាន​សាងសង់​ជា ចម្លាក់​ហង្ស គ្រុឌ និង​រូប​ដំរី​ក្បាល​បី នាគ និង តោ​។

តំបន់​ទី​២៖ គឺ​តំបន់​សាមគ្គី​ផល ដែល​ដាំ​ដើមឈើ មាន​តាំង​រថ គ្រោះ រថពាសដែក និង​យន្តហោះ​ធ្វើសឹក​សង្គ្រាម​ចាស់ៗ។

​តំបន់​ទី​៣៖ ​ជា​តំបន់​សុខដុម​រមណីយ​កម្ម ដែលមាន ការ​សាង់​សំណង់​តាម​រចនាបថ​ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័នជាដើម​៕