ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦–កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ក្លេស ចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការអភិរក្សដំរីខ្មែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីប្រធានអំពីស្ថានភាពនិងវឌ្ឍនភាពការងាររបស់ ក្រសួងបរិស្ថាន ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅ ដោយចីរភាព។ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពអភិរក្សដំរីរបស់ អង្គការអៃរាវត្តា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ ដោយបានជំរុញឱ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងគោលបំណងជំរុញការលើកកម្ពស់ប្រសិទ្ធភាព ការងារអភិរក្សដំរី នៅកម្ពុជាជារួម។
ដោយឡែក លោកស្រី ក្លេស ចិន្តា បានស្នើសុំឱ្យក្រសួងបរិស្ថានជួយគាំទ្រដល់សកម្មភាពអភិរក្សដំរីទាំងការ កំណត់ដែនជម្រកសម្រាប់ដំរី ការបន្តពូជរបស់ដំរី ការបណ្តុះបណ្តាលមរដំរី ការអភិវឌ្ឍគោលដៅទេសចរណ៍ ក៏ដូចជាការស្វែងរកការងារជូនប្រជាសហគមន៍៕
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ជួបពិភាក្សាការងារជាមួយប្រធានសមាគម មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
