ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល


(កណ្ដាល)៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចុះទៅពិនិត្យមើល ការសាងសង់ផ្ទះចំនួនមួយខ្នង​ និងនាំយកថវិកា៣ពាន់ដុល្លារ​ សម្រាប់ទិញដីសង់ផ្ទះ និង​៥លានរៀលសម្រាប់ទ្រទ្រង់ជីវភាពដែលជាអំណោយ​​របស់ សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់លោក​ យឺន​ ធី​ ជាយោធិនពិការ នៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ​​​បានបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់​​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម ដែលជានិច្ច​ជាកាល​សម្តេចតែងយកចិត្តទុកដាក់ដល់បងប្អូន​អតីត​យុទ្ធជន ​ដូចជាការផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គម​សម្រាប់ការព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យ​ ការតម្លើងប្រាក់ខែជូន​ នឹងជាក់ស្ដែង​ថ្ងៃ​នេះ​ សម្តេច​បានឲ្យឯកឧត្តមទេសរដ្ឋមន្ដ្រី ចុះមកពិនិត្យការសាងសង់ផ្ទះ និងនាំថវិការរបសសម្តេចទាំងពីរ​ជូនលោក ​យិន​ ធី​ ដែលកំពុងមានការខ្វះខាត។

លោក​ យិន​ ធី​ និងគ្រួសារ​​ ​បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន សែន ជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់គាត់ទាំង​ជីវភាពរស់នៅ​ ទាំងសុខភាព​ ផ្តល់ផ្ទះផ្តល់ថវិកាទិញដីដល់គាត់​ ពួកគាត់​សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ​ក្នុង​ឆ្នាំ​ថ្មីខាងមុខនេះ សូមឲ្យបានសុខសប្បាយ​ សិរីសួស្តីជ័យមង្គលវិបុលសុខ​ និង​បន្តដឹកនាំប្រទេសកម្ពុជា​ ជារៀងរហូត៕