ប្រធានគណៈចលនាស្ត្រីខណ្ឌឫស្សីកែវ នាំយកកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ឧបត្ថម្ភជូនសកម្មជនគណបក្ស និងស្ត្រីចាស់ជរា


(ភ្នំពេញ)៖ លោកប្រធានក្រុមបក្សសង្កាត់ច្រាំងចំរេះទី២ ដែលកំពុងសម្រាកនៅផ្ទះដើម្បីព្យាលជំងឺលើសឈាមទាំងខ្វះខាត ស្ថិតក្នុងក្រុមទី៨ ភូមិក និងលោកយាយៗក្រីក្រផ្សេងទៀត រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់គីឡូម៉ែត្រលេខ៦ នៃមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ទទួលបានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃបានមួយគ្រា ពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈចលនាមហាជន ខណ្ឌឫស្សីកែវ តាមរយៈលោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រីខណ្ឌ។

ក្រោយទទួលបានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ លោក សុះ ការីម ប្រធានក្រុមបក្សសង្កាត់ច្រាំងចំរេះទី២ លោកយាយ ម៉េត ហាពីស្រស់ អាយុ៧៣ឆ្នាំ អ្នកមីង យ៉ើ ស៊ីម៉ាស់​ និងលោកស្រី ចិន ធី អាយុ៣៤ឆ្នាំ ដែលអ្នកទាំងអស់គ្នា ជាសកម្មជនគណបក្ស និងប្រជាពលរដ្ឋក្រីក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជា ពិសី ប្រធានគណៈចលនាមហាជនខណ្ឌ ដែលបានចាត់ឲ្យលោកស្រី អាន ផល្លា ប្រធានគណៈចលនាខណ្ឌ និងសហការីផងដែរ។

ក្នុងដំណើរសួរសុខទុក្ខនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យជួយសហការ និងរាយការណ៍ជាបន្ទាន់ភ្លាមៗ អំពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ គ្មានទីពឹង ដែលជាជនងាយរងគ្រោះ ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ក្នុងការរិះរកដំណោះស្រាយជូន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឲ្យទាន់ពេលវេលា និងទាន់សភាពការ ក្នុងការឆ្លើយតបទៅតាមអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕