អ្នកនាំពាក្យការពារជាតិ៖ ឆ្នាំ២០១៨ កម្ពុជា-វៀតណាម រកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុ


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឆ្នាំ២០១៨ កន្លងទៅនេះ កងទ័ពកម្ពុជា សហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម បានរកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុបន្ថែមទៀត។

ការអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងស្របពេលដែល ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨​ និងលើកទិសដៅឆ្នាំ២០១៩ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម ដោយបានរុករកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុ ក្នុងនោះរកឃើញដោយ យោធភូមិភាគពិសេសចំនួន៥២ធាតុ យោធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ចំនួន១៣៥ធាតុ យោធភូមិភាគទី៤ចំនួន៩២ធាតុ និងយោធភូមិភាគទី៥ចំនួន៦៨ធាតុ»

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។ ក្រោយចុះកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០០១ គណៈកម្មការស្តីពីកិច្ចការពិសេសនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញនូវផែនការសកម្មភាពមួយរវាងគណៈកម្មការទាំងពីរនេះ ក្នុងគោលបំណង ដឹកនាំការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា។

រយៈពេល១៧ឆ្នាំ (២០០០ -២០១៧) នៃប្រតិបត្ដិការនេះ គណៈកម្មការស្តីពីកិច្ចការពិសេស នៃរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាចំនួន១៥។ ដោយមានការសហការការដឹកនាំ យ៉ាងម៉ឹងម៉ាត់ពីសំណាក់គណៈកម្មការស្តីពីកិច្ចការពិសេស ស្ថាប័នគ្រប់ជាន់ថ្នាក់ និងការគាំទ្រពីប្រជាជនកម្ពុជានោះ គឺមកដល់បច្ចុប្បន្ននេះ ការរុករក និងប្រមូលផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានជាង ១៧,៨៥០អដិ្ឋធាតុ ហើយក៏បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ទីបញ្ចុះនៅប្រទេសវៀតណាមផងដែរ។

ជាមួយគ្នានេះ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែង​រក​អដ្ឋិធាតុ នៅ​សល់​អដ្ឋិធាតុ​របស់​​​ជនជាតិ​វៀតណាម​​ជិត ​៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិន​ទាន់ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ​ទេ​។ កម្ពុជា​ និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការ​ស្វែង​រក​អដ្ឋិធាតុ​ ជនជាតិ​វៀតណាមនៅ​កម្ពុជាទាំង​អស់ ហើ​យ​​ធ្វើ​មាតុភូមិ​និវត្តន៍​វិញឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ខាងមុខនេះ​៕