ភ្នំពេញ ៖ ឆ្នាំថ្មីបានចូលមកដល់ហើយ តែស្ថានការណ៍ នយោបាយ ហាក់ដូចជាមិនទាន់មានអ្វី ប្រែប្រួលថ្មីសោះឡើយ ពោលគឺក្រុមប្រឆាំង នៅតែបន្តប្រើយុទ្ធនយោបាយ ដដែលៗ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ។ ប្រតិកម្មតបនៅនឹងយុទ្ធសាស្រ្ត ប្រឆាំងដដែលៗនេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងពីនេះ ពីនោះ នៅកម្ពុជាចំនួន៥ចំណុច ដើម្បីបង្ហាញទៅក្រុមប្រឆាំង និងជាសារព្រមានថ្មីមួយផងដែរ ។
នេះជាការលើកឡើងពីនេះ ពីនោះ នៅកម្ពុជា ទាំងស្រុងរបស់ ឯកឧត្តម សុខ ឥសាន តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩
១-គេចោទថា ប៉ូលិសប៉ោយប៉ែត គំរាមកំហែងម្ចាស់ផ្ទះ ដែលផ្តល់ទីកន្លែង ឲ្យសកម្មជនអតីតបក្សប្រឆាំង ជួបជុំគ្នាគាំទ្រមេដឹកនាំខ្យល់ ។ នៅលើកក្រោយ មិនបាច់ធ្វើកិច្ចសន្យាស្អីទេ ស្នើចាប់តែម្តងទៅ កុំឲ្យពួកវាប្រឆាំងនឹងសាលដីការតុលាការកំពូល ។ បើមិនមានវិធានការណ៏៍ ក៏ពួកវាថាសមត្ថកិច្ចរំលោភដែរ ។
២- ចំពោះព្រឹត្តិការណ៏កុប្បកម្ម នៅផ្លូវវេងស្រេងកាលពីថ្ងៃ៣-៤ ខែមករា ឆ្នាំ២០១៤ ដែលនាំឲ្យមនុស្ស៤នាក់ ស្លាប់ និងរបួសជាច្រើន ព្រមទាំងខូចខាតទ្រព្យ សម្បត្តិជាច្រើននោះ ត្រូវចាប់ពួកមេក្លោងញុះញង់ នំាភ្លើងយកទៅកាត់ទោស ដើម្បីឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់ និងអ្នករបួសបានស្ងប់ និងទទួលបានយុត្តិធម៌ ។
៣-វាមិនដែលកម្មករ និយោជិតចង់ទាមទារ ប្រាក់ឈ្នួល បែរទៅជាធ្វើបាតុកម្ម នៅកណ្តាលយប់ជ្រៅទេ ហើយក៏គ្មានប្រើអំពើហិង្សា តាមរយ:ការប្រើប្រាស់ឧបករណ៍អាចសម្លាប់ មនុស្សបានដូចជាចំពាមកៅស៊ូ មានគ្រាប់ដែក បំពង់ទីបដាក់ស្នូលដែកសរសៃ និងបេតុងដបដាក់សាំង និងដុតគប់មកលើសមត្ថកិច្ចដែរ ។ នេះពិតជាអំពើកុប្បកម្មហិង្សា ដែលមិនអាចអត់ឱន ឲ្យបានជាដាច់ខាត ។ បើបណ្តែតបណ្តោយ នឹងនាំដល់ការបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខ របស់ប្រជាជនកម្ពុជាទាំងមូល ។
៤-ការធ្វើបាតុកម្ម នៅមុខស្ថានទូតរុស្ស៊ី ជាការអត់ប្រយោជន៏ ព្រោះរឿងលោក រ៉ាត់រ័ត្នមុន្នី គឺជារឿងផ្ទៃ ក្នុងរបស់កម្ពុជាហើយសំណុំរឿង កំពុងស្ថិតក្នុងដៃតុលាការកម្ពុជា ដែលគ្មានជនណាលូកដៃ បានឡើយ ។ ការនិយាយរបស់អ្នកវិភាគ និងអ្នកសិទ្ធិមនុស្ស មិនអាចយកជាបានការឡើយ ។
៥-ទឹកដីកម្ពុជា ជារបស់ទាំងអស់គ្នាមែន តែសមត្ថកិច្ចខាងកិច្ចការព្រំដែន គឺជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិ កិច្ចការព្រំដែន មិនមែនជា របស់ក្រុមយុវជន១០០រាត្រីទេ ។ ស្នើកុំជោរ ប្រយ័ត្នមានបញ្ហា ៕