ក្រុមប្រឹក្សាសង្កាត់ទួលសង្កែ១ ដែលមានជំងឺ និងស្ត្រីក្រីក្រឆ្លងទន្លេខ្វះខាត ទទួលថវិកាសង្គ្រោះ​ពីសមាគមនារីសង្កាត់ និងខណ្ឌឫស្សីកែវ


(ភ្នំពេញ)៖ ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកស្រី អាន ផល្លា បានលើកឡើងថា ដើម្បីឲ្យក្រុមការងារ​ក៏ដូចជាសមាជិក សមាជិកា ជាមន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋ​កាន់តែមានទំនុកចិត្ត និងភាពកក់ក្តៅ​ចាំបាច់ណាស់ ក្នុងនាមអាជ្ញាធរថ្នាក់លើ ​ត្រូវចុះជួបបង្កើនប្រាស្រ័យទាក់ទងផ្ទាល់ ក្នុងការសួរនាំផ្សេងៗទាក់ទងទៅលើជនចាស់ជរា ក្រីក្រ គ្មានទីពឹង​ជាដើម ដែលជាជនងាយរងគ្រោះ ដើម្បីរិះរកដំណោះស្រាយជូន ទៅតាមលទ្ធភាពអាចធ្វើទៅបាន​តបតាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញចំគោលដៅរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រី អាន ផល្លា ​បានលើកឡើងយ៉ាងដូច្នេះ មានទាំងសហការីជាបណ្ដាញសមាគមនារីសង្កាត់ទួលសង្កែទី១ និងយុវជនផងដែរ ក្រោយពីទទួលបានការណែនាំពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ ដើម្បីចុះសំណេះសំណាល សួរសុខទុក្ខ ​នាំយកកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយទៅឧបត្ថម្ភជូនដល់ស្រ្តីឆ្លងទន្លេក្រីក្រ ស្ថិតនៅជួរមាត់ទន្លេ ក្នុងក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងឧបត្ថម្ភជូនលោក ទូច ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់​ទួលសង្កែទី១ ដែលកំពុងជួបការខ្វះខាតសម្រាក ព្យាបាលជំងឺគ្រុនពោះវៀន អុតស្វាយ និងខ្វះឈាមក្រហមនៅឯមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ នៅ​​ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩​។

ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រីប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានថ្លែងថា ក្នុងនាមអាជ្ញាធរថ្នាក់លើ គឺតែងតែចុះជួបបង្កើនប្រាស្រ័យទាក់ទងផ្ទាល់ ក្នុងការសួរនាំផ្សេងៗចំពោះក្រុមការងារ ក៏ដូចជាសមាជិក សមាជិកា ជាមន្ត្រីថ្នាក់ក្រោម ងាយរងគ្រោះ ដើម្បីរិះរកដំណោះស្រាយជូន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន​ឲ្យកាន់តែមានទំនុកចិត្ត និងភាពកក់ក្ដៅ ដោយមិនឲ្យអ្នកណាម្នាក់ស្លាប់ និងអត់បាយឡើយ ដើម្បីឆ្លើយតបតាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញចំគោលដៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា៕​